ពិភពលោកទាំងមូលកំពុងខ្វះយន្តហោះយ៉ាងធ្ងន់ធ្ងរនៅពេលតម្រូវការផ្នែកទេសចរណ៍ងើបឡើងវិញ ហើយប្រទេសចិន ក៏បានបើកទ្វារជាថ្មី នេះបើតាម Bloomberg។
បណ្ដាក្រុមហ៊ុនអាកាសចរណ៍លើពិភពលោក តាំងពី United Airlines រហូតដល់ Air India កំពុងបញ្ជាទិញ ឬរកវិធីដើម្បីបញ្ជាទិញយន្តហោះរាប់រយគ្រឿងពី Boeing និង Airbus។ ប៉ុន្តែ ដោយសារបណ្ដាញផ្គត់ផ្គង់មានកំណត់ អតិថិជនត្រូវរង់ចាំច្រើនឆ្នាំទើបអាចទទួលបានទំនិញនេះ។
ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Jefferies គណនាឃើញថា បច្ចុប្បន្ន ការបញ្ជាទិញយន្តហោះកំពុងកកស្ទះប្រហែល 12,270 គ្រឿង។ ដើមខែនេះ Airbus បានលុបចោលគោលដៅប្រគល់យន្តហោះប្រតិកម្មរហ័ស 700 គ្រឿងក្នុងឆ្នាំនេះ ដោយលើកមូលហេតុថា មានបញ្ហាបណ្ដាញផ្គត់ផ្គង់។
Steve Udvar-Hazy ស្ថាបនិករបស់ក្រុមហ៊ុនផ្ដល់សេវាកម្មជួលយន្តហោះ Air Lease បានឱ្យដឹងថា «យើងមិនទាន់បានទទួលយន្តហោះណាមួយតាមកាលកំណត់នៅឡើយ បើទោះវាជា 737 Max, 787 ឬ A330, A350»។
ទោះជាយ៉ាងណាក៏ដោយ យន្តហោះរាប់ពាន់គ្រឿងកំពុងត្រូវបានបណ្ដាក្រុមហ៊ុនចតនៅលើសមុទ្រខ្សាច់មួយចំនួននៅជុំវិញពិភពលោក ចាប់តាំងពីកូវីដ-19 បានផ្ទុះឡើង ដែលបណ្ដាលឱ្យប្រទេសនានាបិទព្រំដែន។ ក្រុមហ៊ុនទាំងនេះមិនទាន់ប្រើប្រាស់យន្តហោះទាំងនោះឡើងវិញនៅឡើយ ដោយសារតែត្រូវការត្រួតពិនិត្យ ថែទាំ ឬជួសជុល ក្រោយការផ្អាកការហោះហើរច្រើនឆ្នាំ។
យោងតាម Bloomberg ប្រការខាងលើនេះធ្វើឱ្យថ្លៃសំបុត្រយន្តហោះកាន់តែឡើងខ្ពស់ ហើយកាន់តែខ្ពស់ខ្លាំងទៀតនៅពេល ប្រទេសចិន បើកទ្វារព្រំដែនទាំងស្រុងឡើងវិញ។
ឆ្នាំនេះ Boeing ក៏ទទួលបានការបញ្ជាទិញយន្តហោះប្រហែល 850 គ្រឿង រួមបញ្ចូលទាំងកិច្ចព្រមព្រៀងទិញលក់យន្តហោះ 100 គ្រឿងជាមួយនឹង United Airlines នៅខែធ្នូនេះ៕