(សហរដ្ឋអាម៉េរិក)- មួយផ្នែកនៃជ្រោះទឹកធ្លាក់ Niagara នៅក្នុងរដ្ឋ New York បានកកជាទឹកកកនៅក្នុងគ្រាដែលព្យុះព្រឹលដ៏ត្រជាក់កំពុងវាយប្រហារ បង្កើតបានជាទិដ្ឋភាពដូចក្នុងរឿងព្រេង។
ទិដ្ឋភាពនៅក្នុងរូបថត និងវីដេអូដែលត្រូវបានចែករំលែកកាលពីថ្ងៃទី 27 ធ្នូ 2022 បានបង្ហាញថា ជ្រោះទឹកធ្លាក់ដ៏ល្បីឈ្មោះដែលស្ថិតនៅចន្លោះរដ្ឋ New York របស់ សហដ្ឋអាម៉េរិក និងខេត្ត Ontario របស់ កាណាដា ត្រូវកកត្រង់ផ្នែកខាងក្រោម និងផ្នែកដែលនៅជុំវិញ។
ស្ថានីយឆ្លុះមើលសម្រាប់ភ្ញៀវក៏ត្រូវគ្របដណ្ដប់ដោយផ្ទាំងទឹកកកសក្បុស នាំឱ្យអ្នកយកព័ត៌មានរបស់ New York Post ហៅទីនេះថា «ដូចទិដ្ឋភាពនៅក្នុងរឿងព្រេង»។
បាតុភូតនេះកើតឡើងនៅពេលព្យុះព្រឹលរដូវរងាធ្វើដំណើរឆ្លងកាត់តំបន់ភាគឦសានរបស់ សហរដ្ឋអាម៉េរិក កាលពីចុងសប្ដាហ៍កន្លង នាំមកនូវអាកាសធាតុដ៏សែនត្រជាក់ និងស្រទាប់ព្រឹលយ៉ាងក្រាស់ធ្លាក់ទៅលើទីក្រុង Buffalo រដ្ឋ New York ដែលមានចម្ងាយពីជ្រោះ Niagara ប្រហែល 40 គីឡូម៉ែត្រទៅទិសខាងត្បូង។
ជ្រោះទឹកធ្លាក់ខាងលើនេះធ្លាប់បានកកមួយផ្នែកចំនួន 5 ដងមកហើយនៅក្នុងប្រវត្តិសាស្ត្រ។ ប៉ុន្តែវាមិនធ្លាប់បានកកទាំងស្រុងឡើយ ដោយសារតែទឹកដែលហូរមកមានបរិមាណដ៏ច្រើន បូករួមនឹងចលនាជាបន្តបន្ទាប់របស់ខ្សែទឹកដែលមានកម្លាំងខ្លាំង។
យោងតាមមន្ត្រីរបស់ឧទ្យានជ្រោះទឹកធ្លាក់ Niagara ទឹកប្រហែល 3,160 តោន ហូរឆ្លងកាត់ជ្រោះនេះជារៀងរាល់វិនាទី និងធ្លាក់ចុះក្នុងល្បឿនជិត 10 ម៉ែត្រ/វិនាទី៕