សកម្មភាពចាប់ត្រីនៅរដូវរងាកំពុងប្រព្រឹត្តទៅយ៉ាងផុសផុលលើផ្ទៃបឹង Chagan ដែលជាទីលានចាប់ត្រីប្រពៃណីនៅខេត្ត Jilin ភាគឦសានប្រទេសចិន។
ប្រជានេសាទរស់នៅជុំវិញបឹង Chagan (ដែលមានទំហំ 500 គីឡូម៉ែត្រក្រឡា និងជាបឹងទឹកសាបធំជាងគេមួយនៅប្រទេសចិន) បានថែរក្សាប្រពៃណីចាប់ត្រីនៅលើទឹកកកអស់រយៈពេលច្រើនសតវត្សរ៍មកហើយ។ សកម្មភាពនេះត្រូវបានដាក់បញ្ចូលទៅក្នុងបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិរបស់ ប្រទេសចិន។
ដូចរាល់ឆ្នាំ រដូវចាប់ត្រីខាងលើនៅឆ្នាំនេះចាប់ផ្ដើមពីពាក់កណ្ដាលខែធ្នូ នៅពេលផ្ទៃទឹកបឹងបានកកកម្រាស់ប្រហែល 45 សង់ទីម៉ែត្រ ហើយគ្រោងនឹងអូសបន្លាយដល់ចុងខែកុម្ភៈ 2023។ ក្នុងរយៈពេលជាង 10 ថ្ងៃកន្លង ក្រុមអ្នកនេសាទបានដាក់សំណាញ់ទ្រង់ទ្រាយធំនៅទីតាំងទឹកជ្រៅរបស់បឹង។
ក្រុមនីមួយៗរួមមានប្រធាន 1 នាក់, អ្នកនេសាទ 1 ក្រុម និងសេះច្រើនក្បាល។ ប្រធានក្រុមគឺជាអ្នកនេសាទជើងចាស់។ ក្រោយពីទៅដល់បឹងប្រហែលម៉ោង 4 ទៀបភ្លឺ ពួកគេចាប់ផ្ដើមធ្វើការទៅតាមការណែនាំរបស់ប្រធាន។ បច្ចេកទេសចាប់ត្រីនៅបឹង Chagan រួមមាន 4 ដំណាក់កាលសំខាន់ គឺពិនិត្យមើលស្ថានភាពទឹកកក ខួងទម្លុះទឹកកក ដាក់សំណាញ់ចុះក្រោមទឹកកក និងទាញសំណាញ់ឡើងវិញ។
នៅពេលបញ្ចប់រដូវចាប់ត្រីឆ្នាំនេះនៅ Chagan បរិមាណត្រីដែលចាប់បាន ត្រូវបានព្យាករថា អាចឡើងរហូតដល់ 1.5 លានគីឡូក្រាម ប៉ុន្តែនេះមិនទាន់ស្មើនឹង 1% ធៀបនឹងបរិមាណត្រីសរុបនៅក្នុងបឹងនេះ។ ចាប់ពីឆ្នាំ 1992 ក្រុមអ្នកនេសាទបានព្រលែងត្រីប្រហែល 10 លានក្បាលទៅក្នុងបឹងនេះជារៀងរាល់ឆ្នាំនៅរដូវផ្ការីក និងរដូវរំហើយ ដើម្បីប៉ះប៉ូវសម្រាប់ត្រីដែលពួកគេបានចាប់៕