បឹង Qinghai ដែលស្ថិតនៅកម្ពស់ជាង 3,200 ម៉ែត្រ ភាគពាយព្យនៃខ្ពង់រាបទីបេ (Tibetan Plateau) បានឈានចូលដល់ដំណាក់កាលកក បង្កើតបានជាទេសភាពដ៏ស្រស់ស្អាតអាស្ចារ្យ។
យោងតាមទិន្នន័យកាលពីឆ្នាំ 2021 នេះគឺជាបឹងទឹកប្រៃលើដីគោកធំបំផុតនៅ ប្រទេសចិន ដោយមានទំហំឡើងដល់ 4,625.6 គីឡូម៉ែត្រក្រឡា។
បឹងនេះស្ថិតនៅកម្ពស់ជាង 3,200 ម៉ែត្រ ធៀបនឹងផ្ទៃទឹកសមុទ្រ។ Qinghai ដើរតួនាទីដូចទៅនឹងរបងជីវសាស្ត្រចម្រុះនៅភាគខាងជើងប្រទេសចិន និងជាទីសំចតសំខាន់សម្រាប់ដំណើរផ្លាស់ទីរបស់ប្រភេទបក្សាបក្សីនានា។ ទីនេះក៏ជាកន្លែងរស់នៅរបស់ត្រីជាច្រើនប្រភេទផងដែរ។
នៅរដូវរងា ផ្ទៃទឹកបឹង Qinghai តែងតែកកជាទឹកកកក្នុងរយៈពេលច្រើនខែបន្តបន្តាប់ ដោយចាប់ផ្ដើមពីខែធ្នូ និងរលាយទាំងស្រុងទៅវិញនៅពាក់កណ្ដាលខែមេសាឆ្នាំបន្ទាប់។
បឹង Qinghai ទទួលបានទឹកពីទន្លេ និងជ្រោះចំនួន 23 ដែលស្ទើរតែទាំងអស់គឺហូរទៅតាមរដូវកាល។ ខ្សែទឹកហូរចូលបឹងនេះមានកម្រិតទាប ហើយល្បឿននៃការហួតទៅវិញគឺមានកម្រិតខ្ពស់ បណ្ដាលឱ្យទឹកបឹងទៅជាប្រៃ និងមានធាតុអាល់កាឡាំង៕