Skip to content

ព្រឹត្តិការណ៍ធំៗ និងលេច​ធ្លោ​ជាង​គេ​មួយចំនួន​ក្នុង​ឆ្នាំ 2022

ឈាន​ចូលដល់​ឆ្នាំ 2022 ពិភពលោក​ទាំងមូល​ហាក់​មាន​ក្ដីសង្ឃឹម​ច្រើន ដោយសារតែ​កូ​វីដ​បាន​ថមថយ​កម្លាំង ហើយ​ប្រទេស​មួយចំនួន​ក៏បាន និង​កំពុង​ត្រលប់​ទៅរក​សភាពការណ៍​ធម្ម​តា។ ក៏ប៉ុន្តែ ពិភពលោក​ក៏​ចាប់ផ្ដើម​ប្រឈមមុខ​នឹង​បញ្ហាធំៗជាច្រើន​ផ្សេងទៀត ចាប់ពី​ការផ្ទុះ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ គ្រោះធម្មជាតិ ហេតុការណ៍​បាក់​ស្ពាន និង​ហេតុការណ៍​ប្រជ្រៀត​គ្នា​ស្លាប់។ល។

1-សង្គ្រាម​រុស្ស៊ី-អ៊ុយ​ក្រែ​ន ផ្ទុះឡើង

ថ្ងៃទី 24 កុម្ភៈ 2022 រុស្ស៊ី បើក​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយ​ក្រែ​ន ដោយ​វាយ​សម្រុកចូល​កាន់កាប់​ភាគ​ខាងកើត និង​ខាងត្បូង និង​រុល​ទៅរក រដ្ឋធានី​កៀវ។

នេះ​គឺជា​សង្គ្រាម​ធំ​បំផុត​នៅ អឺរ៉ុប នៅក្រោយ​សង្គ្រាមលោកលើកទី​ពីរ ហើយ​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ អ៊ុយ​ក្រែ​ន ទ្វីបអឺរ៉ុប និង​សកលលោក​ទាំងមូល។ សង្គ្រាម​នេះ​បានសម្លាប់​មនុស្ស​ជាង 20,000 នាក់ និង​ជិត 8 លាន​នាក់​ត្រូវ​ភៀសខ្លួន​នៅ អ៊ុយ​ក្រែ​ន ខណៈ​​ទាហាន​របស់ រុស្ស៊ី ជិត 6,000 នាក់​ត្រូវ​បាត់បង់​ជីវិត។

2-ប្រទេស​ចិន​ប្រារព្ធ​មហាសន្និបាត​លើ​ទី 20

ក្នុង​ឆ្នាំ 2022 លោក ស៊ី ជីន​ពីង បាន​ពង្រីក​ឥទ្ធិពល និង​អំណាច​របស់ខ្លួន​នៅពេល​ត្រូវបាន​ជ្រើសរើស​ជា​អគ្គលេខាធិការ​ជា​លើក​ទី​បី​នៅ មហាសន្និបាត​បក្សកុម្មុយនីស្ត​ចិន លើក​ទី 20 ដែល​បាន​ធ្វើឡើង​កាលពី​ខែតុលា 2022។

ដោយសារ​តែមាន​ឥទ្ធិពល​ក្នុង​វិស័យសេដ្ឋកិច្ច និង​នយោបាយ​របស់​ពិភពលោក ដូច្នេះ មហាសន្និបាត​លើក​ទី 20 របស់​ បក្ស​កុម្មុយនីស្ត​ចិន ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​អន្តរជាតិ នៅពេល​កំណត់​គោលនយោបាយ​ក្នុងស្រុក និង​ការបរទេស ក្នុង​រយៈពេល 5 ឆ្នាំ​តទៅ​មុខ។

សហរដ្ឋ​អាម៉េរិក បោះឆ្នោត​ពាក់កណ្ដាល​អាណ​ត្តិ

កាលពី​ថ្ងៃទី 08 វិច្ឆិកា 2022 ពលរដ្ឋ​អាម៉េរិក នាំគ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​ជាន់​ទាប​ចំនួន 435 រូប​, 35 ក្នុងចំណោម 100 កៅអី​នៅ សភា​ជាន់ខ្ពស់, 36 អភិបាលរដ្ឋ រួម​នឹង​តំណែង​ជាច្រើន​ផ្សេងទៀត។ ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​នេះ​អាច​បញ្ជាក់​អំពី​និន្នាការ​​នយោបាយ និង​គោលនយោបាយ​អនាគតរ​បស់ សហរដ្ឋ​អាម៉េរិក ក្នុង 2 ឆ្នាំ​បន្តបន្ទាប់​ទៀត ក្រោម​ការដឹកនាំ​របស់ ប្រធានាធិបតី ចូ បៃ​ដិ​ន។

មហាក្សត្រី​អង់គ្លេស​សោយ​ទិវង្គត

មហាក្សត្រី​អង់គ្លេស Elizabeth II បាន​យាង​ចូល​ទិវង្គត​នៅ​រាជដំណាក់ Balmoral នៅ ស្កុ​តឡែ​ន កាលពី​ថ្ងៃទី 08 កញ្ញា ក្នុង​ព្រះជន្ម 96 វស្សា។ ការ​សោយ​ទិវង្គត​នេះ​បានបញ្ចប់​រជ្ជកាល​ជាង 70 សង្សា​របស់​មហាក្សត្រី​អង្គ​នេះ​នៅ ចក្រភព​អង់គ្លេស។ ប្រជាជន​អង់គ្លេស ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​មហាក្សត្រី​ក្នុង​រយៈពេល 10 ថ្ងៃ។

ប្រធានសភា​ជាន់​ទាប​អាម៉េរិក ធ្វើ​ទស្សនកិច្ច​កោះ​តៃវ៉ាន់

ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានសភា​ជាន់​ទាប​អាម៉េរិក នៅ កោះ​តៃវ៉ាន់ កាលពីដើម​ខែសីហា ធ្វើឱ្យ​លោកស្រី Nancy Pelosi ក្លាយជា​មន្ត្រីជាន់ខ្ពស់​បំផុត​របស់ អាម៉េរិក ដែល​មកកាន់​កោះ​នេះ​ក្នុងអំឡុង 25 ឆ្នាំ​កន្លង។ អាជ្ញាធរ​ចិន បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ បណ្ដាលឱ្យ​ច្រក​សមុទ្រ​តៃវ៉ាន់ ឡើង​កម្ដៅ​ខ្លាំង។

អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ត្រូវគេ​ធ្វើឃាត

ដោយសារតែ​​គ្រប់គ្រង​អាវុធ​បានល្អ ដូច្នេះ ជប៉ុន គឺជា​ប្រទេស​ដែលមាន​សុវត្ថិ​ភាពល្អ​ខ្លាំង។ ក៏ប៉ុន្តែ ប្រការនេះ​បាន​ប្រែប្រួល​ទាំងស្រុង​បន្ទាប់ពី​អតីត​នាយករដ្ឋមន្ត្រី​ត្រូវបាន​គេ​ធ្វើឃាត​នៅ​ទីសាធារណៈ​កាលពី​ថ្ងៃទី 08 កក្កដា។

ជនសង្ស័យ Tetsuya Yamagami ដែល​ជា​អតីត​ទាហាន​មួយរូប ប្រើប្រាស់​កាំភ្លើង​កែច្នៃ​ដោយ​ខ្លួនឯង បាញ់ប្រហារ​ពីក្រោយ ធ្វើឱ្យ​លោក ស៊ីន​ហ្សូ អា​បេ ត្រូវ​បាត់បង់​ជីវិត​ក្នុង​វ័យ 67 ឆ្នាំ។

ហេតុការណ៍​ប្រជ្រៀត​គ្នា​ស្លាប់​នៅ កូរ៉េខាងត្បូង

មនុស្ស​ជាង 100,000 នាក់ កាលពី​យប់​ថ្ងៃទី 29 តុលា បាន​ប្រមូល​ផ្ដុំគ្នា​នៅ Itaewon តំបន់​កណ្ដាល​រដ្ឋធានី​សេ​អ៊ូ​ល ដើម្បី​ចូលរួម​ពិធីបុណ្យ​ខ្មោច ហា​ឡូ​វីន ជា​លើកដំបូង​ក្រោយ​ការរស់នៅ​ក្រោម​សម្ពាធ​កូ​វីដ-19 អស់​រយៈពេល 2 ឆ្នាំ។ ហេតុការណ៍​ប្រជ្រៀត​គ្នា​ក៏បាន​កើតឡើង និង​បានសម្លាប់​មនុស្ស 158 នាក់ និង​បង្ក​របួស​ដល់​មនុស្ស 196 នាក់។

ហេតុការណ៍​បាក់​ស្ពាន​យោល​នៅ ឥណ្ឌា

នៅ​ថ្ងៃទី 30 តុលា 2022 ស្ពាន​យោល​សម្រាប់​ថ្មើរជើង​ដែល​ឆ្លងកាត់​ទន្លេ Machchhu នៅ​​ទីក្រុង Morbi ក្នុង​រដ្ឋ Gujarat ប្រទេស​ឥណ្ឌា បាន​ដាច់ បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 135 នាក់​ត្រូវ​បាត់បង់​ជីវិត និង​ជាង 180 នាក់​រងរបួស។

ទ្វីបអឺរ៉ុប រង​ការវាយប្រហារ​ពី​កម្ដៅ​ដ៏​ខ្លាំងក្លា

ទ្វីបអឺរ៉ុប ឆ្លងកាត់​រដូវក្ដៅ​ដែលមាន​សីតុណ្ហភាព​ខ្ពស់បំផុត​រាប់​ចាប់តាំងពី​ពេល​ចាប់ផ្ដើម​កត់ត្រា​ទិន្នន័យ​រហូតដល់​បច្ចុប្បន្ន។ សីតុណ្ហភាព​មធ្យម​ក្នុង​រដូវក្ដៅ​ឆ្នាំនេះ​នៅ អឺរ៉ុប ខ្ពស់ជាង 2 អង្សា​សេ បើ​ធៀប​នឹង​ដំណាក់​កាលពី​ឆ្នាំ 1991 ដល់ 2020។ រ​លក​កម្ដៅ​នេះ គឺជា​មូលហេតុ​ដែលនាំឱ្យ​ពិភពលោក​ទាំងមូល ចាប់ផ្ដើម​គិតដល់​ដំណោះស្រាយ​ទាក់ទិន​នឹង​អាកាសធាតុ ពិសេស​គឺជា​បំ​ភាយ​ឧ​ស្ម័ន​ផ្ទះ​កញ្ចក់​ដែលជា​ដើមហេតុ​នាំឱ្យ​ផែនដី​ឡើងក​ម្ដៅ​ខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *