Skip to content

កូនស្រី​វ័យ 36 ឆ្នាំ​របស់លោក​ Thaksin នាំមុខ​គេ​ក្នុង​ចំណោម​​បេក្ខភាព​​នាយក​រដ្ឋមន្ត្រី​​ថៃ

កូនស្រី​ពៅ Paetongtarn របស់លោក Thaksin កំពុង​នាំមុខគេ​នៅក្នុង​ការស្ទង់មតិ​សាធារណៈ​ស្ដីពី​បេក្ខភាព​នាយករដ្ឋមន្ត្រី​ថៃ មុនពេល​ប្រទេស​នេះ​រៀបចំ​ការបោះឆ្នោត​នៅ​ខែឧសភា 2023។

សារព័ត៌មាន​ Reuters កាលពី​ថ្ងៃទី 26 ធ្នូ បានឱ្យដឹងថា លទ្ធផល​នៃ​ការស្ទង់មតិ​ពី វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ការអភិវឌ្ឍ​ថៃ (NIDA) ​បង្ហាញ​ថា​ Paetongtarn Shinawatra វ័យ 36 ឆ្នាំ ដែលជា​កូនស្រី​ពៅ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក Thaksin Shinawatra កំពុង​នាំមុខគេ​សម្រាប់​កៅអី​នាយករដ្ឋមន្ត្រី​នាពេល​អនាគត ដោយ​ទទួលបាន​ការគាំទ្រ 34%។

អត្រា​នៃ​ការគាំទ្រ​ចំពោះ Paetongtarn កើនឡើង​ខ្ពស់​ពី 21.6% ធៀប​នឹង​ការស្ទង់មតិ​កាលពី​ខែកញ្ញា និង​ខ្ពស់ជាង​ទ្វេដង​ធៀប​នឹង​គូប្រជែង​ គឺ​នាយករដ្ឋមន្ត្រី​ថៃ លោក Prayuth Chan-ocha។

ការស្ទង់មតិ​​ត្រូវបាន NIDA ធ្វើឡើង​ពីថ្ងៃ​ទី 17 ដល់ 22 ធ្នូ 2022 ទៅលើ​ពលរដ្ឋ 2,000 នាក់​ក្នុង​វ័យ​បោះឆ្នោត។ NIDA ត្រូវបាន​បង្កើតឡើង​កាលពី​ខែមេសា 1966 គឺជា​ស្ថាប័ន​មួយ​របស់ ក្រសួង​អប់រំ​ថៃ ដែល​បច្ចុប្បន្ន​គឺជា​ស្ថាប័ន​ស្ទង់​មតិ​ធំជាងគេ​មួយ​នៅ ប្រទេស​នេះ។

ការស្ទង់មតិ​ខាងលើ​បង្ហាញថា លោក Prayuth ទទួលបាន​ការគាំទ្រ 14.05% កើន​បន្តិច​ធៀប​នឹង 10.1% មុន​នោះ។ បេក្ខភាព​មួយរូប​ផ្សេងទៀត​គឺ Pita Limjaroenrat មេដឹកនាំ​បក្ស​ជឿនលឿន ដោយមាន​អត្រា​គាំទ្រ 13.25%។

គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ថៃ បានឱ្យដឹងថា ប្រទេស​នេះ​នឹង​រៀបការ​ការបោះឆ្នោត​នាយករដ្ឋមន្ត្រី​នៅក្នុង​ខែឧសភា 2023 ប៉ុន្តែ​មិនទាន់​កំណត់ពេលវេលា​​ជាក់​លាក់​នៅឡើយ។

លោក Thaksin ធ្លាប់​កាន់តំណែង​នាយករដ្ឋមន្ត្រី​ថៃ ចាប់តាំងពី​ឆ្នាំ 2001 ប៉ុន្តែ​ត្រូវបាន​ផ្ដួលរំលំ​ដោយ​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ 2006។ បច្ចុប្បន្ន លោក Thaksin រស់នៅ​និរទេស​ខ្លួន​នៅ ឌូ​បៃ។ ឆ្នាំ 2011 លោកស្រី Yingluck Shinawatra ដែលជា​ប្អូនស្រី​របស់លោក Thaksin ក្លាយជា​នាយិកា​រដ្ឋមន្ត្រី​ថៃ ប៉ុន្តែ​ក៏ត្រូវ​បាន​កងទ័ព​ធ្វើ​រដ្ឋប្រហារ និង​ផ្ដួលរំលំ​កាលពី​ឆ្នាំ 2014៕

Leave a Reply

Your email address will not be published. Required fields are marked *