Skip to content

គោលនយោបាយ​ការបរទេស​របស់​ ប្រទេស​ចិន ​សម្រាប់​ឆ្នាំក្រោយ

ឆ្នាំ 2023 ប្រទេស​ចិន នឹង​ស្ដារ​ទំនាក់ទំនង​ជាមួយនឹង ប្រទេស​រុស្ស៊ី ផ្សះផ្សា​ការ​ប្រេះឆា​ជាមួយនឹង អឺរ៉ុប អាស៊ី ទន្ទឹមនឹង​ការប្រកួតប្រជែង​ជាមួយនឹង សហរដ្ឋ​អាម៉េរិក និង​បង្កើន​ឥទ្ធិពល​នៅ​ទូទាំង​សកលលោក។

ក្នុងការ​វាយតម្លៃ​អំពី​សកម្មភាព​ការទូត​របស់ ប្រទេស​ចិន ក្នុង​ឆ្នាំ 2022 រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន Wang Yi កាលពី​ថ្ងៃទី 25 ធ្នូ បាន​អធិប្បាយ​ថា 2022 គឺជា​ឆ្នាំ​ដែល​សម្រេចបាន​សមិទ្ធិផល​ប្រវត្តិសាស្ត្រ​ជាច្រើន ហើយ​ប្រទេស​នេះ​បាន​ឆ្លងកាត់​ឧបសគ្គធំៗនៅក្នុង​បរិស្ថាន​សកល។

លោក Wang Yi ប្រកាសថា ក្នុង​ឆ្នាំ 2023 ប្រទេស​ចិន នឹង​បង្កើន​ទំនាក់​ទំនងជា​ដៃគូ​យុទ្ធសាស្ត្រ​ដែល «រឹងមាំ» ជាមួយនឹង ប្រទេស​រុស្ស៊ី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ អឺរ៉ុប និង​បណ្ដា​ប្រទេសជិតខាង​នៅ អាស៊ី ទន្ទឹមនឹងនេះ ចិន ក៏​នឹង​បន្ត​រក្សា «ស្មារតី​ប្រយុទ្ធ» នៅ​ចំពោះមុខ​ឥរិយាបថ «ឡោមព័ទ្ធ កៀបសង្កត់ និង​បង្កហេតុ» ដែល​នាំមុខ​ដោយ សហរដ្ឋ​អាម៉េរិក។

រដ្ឋមន្ត្រីការបរទេស​ចិន ក៏បាន​បង្ហើប​ឱ្យដឹងថា ប្រទេស​នេះ​នឹង​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​កូ​វីដ-19 ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​លំហូរ​កម្លាំង​ពលកម្ម និង​ជួយ​ស្ដារ​សេដ្ឋកិច្ច​ទូទាំង​សកលលោក។

ប្រកាស​របស់ រដ្ឋមន្ត្រីការបរទេស​ចិន នេះ ត្រូវបាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុម​អ្នកជំនាញ​ផ្នែក​គោលនយោបាយ​នៅ ប៉េកាំង ក្នុង​គ្រា​ដែល​ទំនាក់ទំនង​រវាង ប្រទេស​ចិន និង សហរដ្ឋ​អាម៉េរិក ជប៉ុន អូស្ត្រាលី និង​បណ្ដា​ប្រទេស​មហាអំណាច​នៅ អឺរ៉ុប កំពុងមាន​សញ្ញា​ធូរស្រាល​បន្តិច ក្រោយ​ការប្រឈមមុខ​ដាក់គ្នា​អស់​មួយ​រយៈពេល​យូរ ទាក់ទិន​នឹង​បញ្ហាធំៗមួយចំនួន មានដូចជា កោះ​តៃវ៉ាន់ ស៊ីន​ជាំ​ង ហុងកុង និង​សង្គ្រាម​រុស្ស៊ី-អ៊ុយ​ក្រែ​ន ជាដើម។

លោក Wang Yi និងលោក Antony Blinken

រដ្ឋមន្ត្រីការបរទេស​អាម៉េរិក Antony Blinken គ្រោង​នឹងធ្វើ​ទស្សនកិច្ច​នៅ ប៉េកាំង នៅ​ដើម​ឆ្នាំក្រោយ ប៉ុន្តែ ទំនាក់ទំនង​រវាង អាម៉េរិក និង ចិន ក្នុង​ឆ្នាំ 2023 ត្រូវបាន​គេ​ព្យាករ​ថា នៅ​​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន​បន្តទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *