ប្រទេសចិន កាលពីថ្ងៃទី 23 ធ្នូ បានសម្ពោធដាក់ឱ្យដំណើរការព្រលានយន្តហោះក្នុងតំបន់ខ្ពង់រាបដំបូងនៅតំបន់ស្វយ័ត Xinjiang ក្រោយការសាងសង់ 2 ឆ្នាំ។
ការចេញដំណើរពីទីក្រុង Urumqi ដែលជាទីក្រុងរដ្ឋបាលរបស់តំបន់ស្វយ័ត Xinjiang នៅវេលាម៉ោង 08 និង 57 នាទីព្រឹក ថ្ងៃទី 23 ធ្នូ 2022 (ម៉ោងនៅ ប៉េកាំង) ជើងហោះហើរ CZ5193 របស់ China Southern Airlines បានចុះចតលើព្រលានយន្តហោះ Tashkurgan Khunjerab ក្នុងស្រុក Tajik Taxkorgan របស់ Xinjiang នៅម៉ោង 10 និង 59 ព្រឹកក្នុងថ្ងៃដដែល គឺជាជើងហោះហើរដំបូងដែលបញ្ជាក់អំពីការសម្ពោធព្រលានយន្តហោះថ្មីស្ថិតនៅលើទីខ្ពស់ដំបូងរបស់តំបន់នេះ។
ព្រលានយន្តហោះ Tashkurgan Khunjerab ដែលស្ថិតនៅលើកម្ពស់ 3,258 ម៉ែត្រ ធៀបនឹងផ្ទៃទឹកសមុទ្រ គឺជាព្រលានយន្តហោះដឹកជញ្ជូននៅទិសខាងលិចឆ្ងាយបំផុតរបស់ ប្រទេសចិន។ ព្រលានយន្តហោះនេះមានផ្លូវរត់មួយខ្សែដែលមានប្រវែង 3,800 ម៉ែត្រ អាចឆ្លើយតបនឹងការហោះឡើង និងចុះចត 1,900 ជើងជារៀងរាល់ឆ្នាំ ដោយអាចទទួលអ្នកដំណើរបាន 160,000 នាក់ រួមនឹងទំនិញ 400 តោន/ឆ្នាំ។
Tashkurgan Khunjerab ត្រូវបានផ្ដើមការស្ថាបនាចាប់ពីឆ្នាំ 2020 ដោយប្រើប្រាស់ទុនវិនិយោគជាង 1.6 ពាន់លានយ៉ុន ស្មើនឹង 229 លានដុល្លារអាម៉េរិក។ ការស្ថាបនាព្រលានយន្តហោះនៅលើតំបន់ខ្ពង់រាប Pamir គឺជារឿងលំបាក ដោយសារតែស្ថានភាពខ្វះអុកស៊ីសែន រួមនឹងអាកាសធាតុត្រជាក់ខ្លាំង។
កន្លងមក ការធ្វើដំណើរពីតំបន់ព្រលានយន្តហោះខាងលើទៅកាន់ ទីក្រុងប៉េកាំង ត្រូវចំណាយពេលពី 40 ទៅ 50 ម៉ោង ដោយការជិះរថយន្តក្រុង និងរថភ្លើង។ ប៉ុន្តែ ការធ្វើដំណើរតាមយន្តហោះពីព្រលានថ្មីនេះ ពេលវេលាត្រូវថយចុះមកនៅត្រឹម 8 ម៉ោងប៉ុណ្ណោះ។
យោងតាម Xinhua ការដាក់ឱ្យដំណើរការព្រលានយន្តហោះថ្មីនេះ មិនត្រឹមតែជួយកាត់បន្ថយពេលវេលានៃការធ្វើដំណើរប៉ុណ្ណោះទេ តែក៏រួមចំណែកក្នុងការអភិវឌ្ឍឧស្សាហកម្ម និងទេសចរណ៍ក្នុងតំបន់ផងដែរ៕