Skip to content

យន្តហោះ​យោធា​ចិន​ជាង 40 គ្រឿង ហោះ​ឆ្លង​បន្ទាត់​កណ្ដាល​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់

យន្តហោះ​ចម្បាំង និង​យន្តហោះ​ឈ្លបយកការណ៍ 43 គ្រឿង​របស់ ប្រទេស​ចិន ហោះ​ឆ្លង​បន្ទាត់​កណ្ដាល​លើ​ច្រក​សមុទ្រ​តៃវ៉ាន់ នៅក្នុង​ការចូល​ទៅជិត​កោះ​នេះ​ក្នុង​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់មាន​នាពេល​កន្លង។

ស្ថាប័ន​ស្វ័យការពារ​របស់ កោះ​តៃវ៉ាន់ ថ្ងៃនេះ​បានឱ្យដឹងថា យន្តហោះ​យោធា 71 គ្រឿង និង​នាវា​យោធា​ចិន 7 គ្រឿង បានបង្ហាញ​ខ្លួន​នៅក្នុង​តំបន់​នានា​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ កាលពី​ព្រឹក​ថ្ងៃទី 26 ធ្នូ 2022។ ក្នុងចំណោម​នេះ មាន​យន្តហោះ​ចម្បាំង​ធុន​ធ្ងន់ J-11, J-16 និង Su-30 ចំនួន 36 គ្រឿង និង​យន្តហោះ​ចម្បាំង​ធុន​ស្រាល J-10 ចំនួន 6 គ្រឿង រួម​នឹង​យន្តហោះ​ឈ្លបយកការណ៍​គ្មាន​មនុស្ស​បើក (UAV) CH-4 ចំនួន 1 គ្រឿង បាន​ហោះ​ឆ្លង​បន្ទាត់​កណ្ដាល​របស់​ច​ក្រ​សមុទ្រ​តៃវ៉ាន់ ជា​ខ្សែបន្ទាត់​ដែល​គេ​យល់ថា​ជា​ព្រំដែន​កំណត់​ច្រក​សមុទ្រ​តៃវ៉ាន់។

យន្តហោះ 4 គ្រឿង​​ក៏​បង្ហាញ​វត្ត​មាននៅ​ភាគ​និរតី​នៃ​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​តៃវ៉ាន់ រួមមាន​យន្តហោះ​ប្រមាញ់​នាវាមុជទឹក Y-8, យន្តហោះ​ចម្បាំង​ផ្នែក​អេ​ឡេ​ត្រូ​និក, UAV WZ-7 និង​យន្តហោះ​ព្រមាន​រហ័ស KJ-500។

នេះ​គឺជា​យុទ្ធនាការ​ឡោមព័ទ្ធ​ធំ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​របស់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ចិន នៅ​ជុំវិញ​កោះ​តៃវ៉ាន់។ «យើង​បន្ត​តាមដាន​សភាពការណ៍ និង​ដាក់ពង្រាយ​យន្តហោះ​ចម្បាំង នាវាចម្បាំង និង​ប្រព័ន្ធ​មី​ស៊ី​ល​ដើម្បី​ប្រតិកម្ម​នឹង​សកម្មភាព​នេះ» ស្ថាប័ន​ស្វ័យការពារ​របស់ កោះ​តៃវ៉ាន់ បញ្ជាក់​ដូច្នេះ ខណៈដែល​ភាគី​ខាង ប្រទេស​ចិន មិនទាន់​បញ្ចេញ​យោបល់​អ្វី​នៅឡើយ។

ប្រទេស​ចិន តែង​ចាត់ទុក កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​មិនអាច​កាត់ផ្ដាច់​បាន ហើយ​ថា​នឹង​ប្រើ​កម្លាំងបាយ​ដណ្ដើមយក​មកកាន់​កាប់ បើសិនជា​ចាំបាច់។ សហរដ្ឋ​អាម៉េរិក ទទួលស្គាល់​គោលនយោបាយ «ចិន​តែមួយ» ប៉ុន្តែ គឺជា​អ្នកផ្គត់ផ្គង់​ផ្នែក​យោធា​សំខាន់បំផុត​របស់ កោះ​តៃវ៉ាន់ ដើម្បី​ជួយ​ឱ្យ កោះ​នេះ​អាច​ការពារ​ខ្លួន​ពី​សត្រូវ​៕

Leave a Reply

Your email address will not be published. Required fields are marked *