ព្យុះព្រឹលដ៏ធំកើតមាននៅក្នុងរដូវបុណ្យណូអែលឆ្នាំនេះ នាំឱ្យមានព្រឹលធ្លាក់យ៉ាងក្រាស់ បណ្ដាលឱ្យតំបន់ខ្លះត្រូវកក បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់មនុស្សរាប់លាននាក់នៅ សហរដ្ឋអាម៉េរិក។
ព្យុះព្រឹលចាប់ផ្ដើមកើតមានពីតំបន់សម្ពាធទាបលើ Five Great Lakes បន្តប្រែប្រួលនៅ សហរដ្ឋអាម៉េរិក បង្កការខូចខាតក្នុងទ្រង់ទ្រាយធំ ធ្វើឱ្យកកស្ទះចរាចរណ៍ក្នុងរដូវបុណ្យណូអែល។ រដ្ឋជាច្រើនស្ថិតក្នុងស្ថានភាពព្រឹលធ្លាក់យ៉ាងក្រាស់ និងមានភ្លៀង ទឹកជំនន់ ហើយអាកាសធាតុចុះត្រជាក់ខ្លាំង។
ទ្រង់ទ្រាយរបស់ព្យុះព្រឹលនេះ ស្ទើរតែមិនធ្លាប់មានពីមុនមក ដោយវាអូសបន្លាយពីតំបន់ Five Great Lakes ក្បែរ ប្រទេសកាណាដា រហូតដល់ Rio Grande តាមបណ្ដោយព្រំដែនជាមួយនឹង ម៉ិកស៊ិក។
ស្ថាប័នជាតិឧតុនិយម (NWS) គណនាឃើញថា ពលរដ្ឋអាម៉េរិក ប្រហែល 60% បានទទួលសេចក្ដីព្រមាន ឬការណែនាំអំពីគ្រោះថ្នាក់ធម្មជាតិមួយនេះ។ ជើងហោះហើរជាង 2,300 ត្រូវបានលុបចោលក្នុងថ្ងៃទី 24 ធ្នូ។
អភិបាលក្រុង New York បានឱ្យដឹងថា រថយន្តពន្លត់អគ្គិភ័យស្ទើរតែទាំងអស់ត្រូវជាប់គាំង។ ព្រលានយន្តហោះក្នុងទីក្រុងត្រូវបិទទ្វាររហូតដល់ថ្ងៃទី 26 ធ្នូ។
បាតុភូតធម្មជាតិដ៏អាក្រក់នេះ ក៏ធ្វើឱ្យផ្ទះ និងទីតាំងអាជីវកម្មរាប់សែនកន្លែងនៅ សហរដ្ឋអាម៉េរិក ត្រូវដាច់ភ្លើង។ មនុស្សរាប់លាននាក់រស់នៅក្នុងស្ថានភាពព្រួយបារម្ភអំពីការដាច់ភ្លើង ខណៈដែលសកម្មភាពរបស់ប៉ូលិស និងកម្លាំងពន្លត់អគ្គិភ័យក៏ត្រូវជាប់គាំង។
យ៉ាងហោចណាស់មានមនុស្ស 22 នាក់បានស្លាប់នៅក្នុងហេតុការណ៍ទាក់ទងនឹងព្យុះព្រឹលនៅ សហរដ្ឋអាម៉េរិក។ តំបន់មួយចំនួនមានសីតុណ្ហភាពចុះត្រជាក់ខ្លាំង អាចគំរាមកំហែងដល់អាយុជីវិតរបស់អ្នកដំណើរដែលជាប់នៅលើដងផ្លូវដោយសារព្រឹល៕