បេសកកម្មបង្កើតផែនទីខាងក្នុងភពព្រះអង្គាររបស់យានស្រាវជ្រាវ InSight បានបញ្ចប់កាលពីថ្ងៃទី 20 ធ្នូ ដោយសារតែត្រូវគ្របដណ្ដប់ដោយធូលី។
បន្ទាប់ពីជាង 4 ឆ្នាំដែលត្រូវបានបាញ់បង្ហោះឡើងទៅកាន់ពិភពអង្គារ យាន InSight ក៏បានឈប់ដំណើរការចាប់ពីថ្ងៃទី 20 ធ្នូ 2022។ យានរបស់ ណាសា នេះ ត្រូវបានគេជឿថា អស់ថាមពល ព្រោះតែធូលីក្រាស់គ្របដណ្ដប់លើផ្ទាំងសូឡារបស់វា។
ដោយត្រូវបានបំពាក់ឧបករណ៍វាស់ស្ទង់ទំនើបៗ ក្នុងរយៈពេល 4 ឆ្នាំកន្លង InSight បានបំពេញបេសកកម្មបង្កើតផែនទីខាងក្នុង ក្រោមស្រទាប់ដីរបស់ពិភពក្រហមមួយនេះ តាមរយៈការកត់ត្រាករណីរញ្ជួយដីប្រមាណ 1,300 លើក។ ប្រការនេះជួយឱ្យអ្នកវិទ្យាសាស្ត្រអាចដឹងបានថា ស្នូលរបស់ពិភពអង្គារពិតជារាវ ហើយស្រទាប់ខាងក្រៅរបស់ពិភពនេះក៏ស្ដើងជាងការគិតកន្លងមក ដោយវាអាចត្រូវបានបង្កើតឡើងពីស្រទាប់ចំនួន 3។
បាតុភូតរញ្ជួយដីអាចជាលទ្ធផលដែលកើតពីភាពមិនប្រក្រតីរបស់សីតុណ្ហភាព ដោយសារតែស្រទាប់ខាងក្រៅរបស់ពិភពអង្គារ។ កន្លងមក បេសកកម្មរបស់ InSight ក៏ធ្លាប់ជួបបរាជ័យម្ដងរួចហើយ ទាក់ទិននឹងឧបករណ៍វិទ្យាសាស្ត្រវាស់ស្ទង់សីតុណ្ហភាព។ ឧបករណ៍នេះត្រូវកប់ក្នុងដីជម្រៅ 5 ម៉ែត្រដើម្បីវាស់កម្ដៅ ប៉ុន្តែវាមិនអាចជីករុលចុះជ្រៅបាន ហើយបេសកកម្មនេះក៏ត្រូវបានបោះបង់ចោលកណ្ដាលទី៕