Skip to content

សិស្សស្រី​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន អស់សង្ឃឹម ព្រោះតែ​របប​តា​លី​បង់ ហាម​ការសិក្សា

ក្រោយ​ការប្រឹងប្រែង​មើល​មេរៀន​អស់​ជាច្រើន​សប្ដាហ៍ សិស្សស្រី​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ក៏បាន​ទទួលដំណឹង​ដ៏​មហា​អាក្រក់ នោះ​គឺ «តា​លី​បង់ ហាម​សិស្សស្រី​ទាំងអស់​ចូល​សិ​ក្សា​នៅ​មហាវិទ្យាល័យ»។

«ខ្ញុំ​មិនបាន​ឈប់ ហើយ​នៅតែ​បន្ត​ការមើល​មេរៀន» នារី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ CNN កាលពី​ថ្ងៃទី 21 ធ្នូ មួយថ្ងៃ​ក្រោយពី អាជ្ញាធរ​តា​លី​បង់ ចេញ​បទបញ្ជា​ហាម​សិស្សស្រី​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ចូលរៀន​នៅ​មហាវិទ្យាល័យ ដោយ​មិនមាន​ការ​​កំណត់ពេល​វេលា​។ «ព្រឹក​នោះ ខ្ញុំ​នៅតែ​ទៅ​សាលារៀន» នារី​ខាងលើ​បន្ថែម​ដូច្នេះ។

ក៏ប៉ុន្តែ ការប្ដេជ្ញាចិត្ត​របស់​នា​រី​ខាងលើ មិនមាន​ប្រយោជន៍​ឡើយ។ ក្រុម​ខ្មាន់កាំភ្លើង​របស់ តា​លី​បង់ ដែល​បង្ហាញខ្លួន​មុខ​​ខ្លោងទ្វារ​សាកលវិទ្យាល័យ​នៅ រដ្ឋធានី​កា​ប៊ុល ដេញ​សិស្សស្រី​ទាំងអស់​ដែល​ព្យាយាម​ចូលទៅក្នុង​សាលា។

«នោះ​គឺជា​ទិដ្ឋភាព​អាក្រក់​ជាទីបំផុត» នារី​ម្នាក់​និយាយ​ដូច្នេះ។ «សិស្សស្រី​ស្ទើរតែ​ទាំងអស់ ក្នុងនោះ​ក៏មាន​រូបខ្ញុំ យំ និង​ស្នើ​សុំចូល​សាលារៀន។ អ្នក​នឹងមាន​អារម្មណ៍​យ៉ាងណា​នៅពេល​បណ្ដោយឱ្យ​សិទ្ធិ​របស់ខ្លួន​ត្រូវ​បាត់បង់​ដោយ​មិនអាច​ធ្វើ​អ្វី​បាន?»។

ស្ត្រី​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវ​ប្រឈមមុខ​នឹង​ការបិទ​សិទ្ធិ​កាន់តែខ្លាំងឡើងៗ បន្ទាប់ពី តា​លី​បង់ ឡើងកាន់​អំណាច​កាលពី​ខែសីហា​ឆ្នាំ​កន្លង។ ការរំលោភ​សិទ្ធិ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​គឺ​បទបញ្ជា​ហាម​សិស្សស្រី​រៀន​នៅ​មហាវិទ្យាល័យ។

កាលពី​ខែមីនា 2022 តា​លី​បង់ បាន​ហាម​ក្មេងស្រី​ចូលរៀន​នៅ​មធ្យមសិក្សា។ យោង​តាម WSJ ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 21 ធ្នូ 2022 ឱ្យ​ដឹង​ថា តា​លី​បង់ ក៏បាន​ហាម​ក្មេងស្រី​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន រៀន​បឋមសិក្សា​ផងដែរ។

ចំពោះ​សិស្ស និង​និស្សិត​នៅ កា​ប៊ុល ការហាម​សិស្សស្រី​រៀន​នៅ​មហាវិទ្យាល័យ គឺជា​រឿង​ដ៏​គួរ​ឱ្យ​សោកសៅ​បំផុត ហើយ​សាហាវ​ជាង​ការ​បំផ្ទុះ​គ្រាប់បែក អំពើហិង្សា​ដែល​ពួកគេ​បាន​ជួប​ទៅទៀត។

បទបញ្ជា​ខាងលើ​របស់ របប​តា​លី​បង់ កំពុង​រង​ការរិះគន់​យ៉ាងខ្លាំង​ក្លា​ពី​​អន្តរជាតិ ក្នុងនោះ ប្រទេស និង​អង្គការសិទ្ធិមនុស្សធំៗក៏បាន​ប្រតិកម្ម​ជំទាស់​នឹង​ការសម្រេច​នេះ​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *