Skip to content

តា​លី​បង់ លើក​មូលហេតុ​នៃ​ «ការ​ហាម​សិស្សស្រី​រៀន​មហាវិទ្យាល័យ»

មន្ត្រី​របស់​របបតា​លី​បង់ បានឱ្យដឹងថា សិស្ស​ស្រី​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវបាន​ហាម​សិក្សា​នៅ​មហាវិទ្យាល័យ​គឺ​ដោយសារ​ពួកគេ​មិន​គោរព​តាម​ការណែនាំ ក្នុងនោះ​ក៏មាន​ការកំណត់​អំពី​សម្លៀកបំពាក់​សមស្រប​ផងដែរ។

«និស្សិត​ស្រី​ដែល​ដើរ​ពី​ផ្ទះ​ទៅកាន់​សាកលវិទ្យាល័យ​ក៏​មិនបាន​គោរព​តាម​ការណែនាំ​ទាក់ទង​នឹង​កន្សែង​គ្រប​ក្បាល​ហ៊ី​ចាប (Hijab)។ ពួកគេ​ស្លៀកពាក់​ដូច​ទៅ​ពិធី​ជប់លៀង​​មង្គល​ការ» រដ្ឋមន្ត្រីក្រសួង​អប់រំ​មហាវិទ្យាល័យ​របស់រប​ប​តា​លី​បង់ Neda Mohammad Nadeem ថ្លែង​នៅលើ​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃទី 22 ធ្នូ 2022។

យោងតាម Nadeem និស្សិត​ស្រី​មិន​បាន​​អើពើ​ជាមួយនឹង​ការកំណត់​របស់​សាសនា​អ៊ីស្លាម ក្នុង​នោះបាន​កំណត់ថា​ត្រូវ​ស្លៀក​ពា់ក​អ្វី ឬ​ដើរ​ជាមួយ​សាច់ញាតិ​ជា​បុរស​នៅពេល​ចេញទៅ​ក្រៅ។

«…14 ខែ​បាន​កន្លងផុតទៅ ប៉ុន្តែ ការណែនាំ​របស់​ក្រសួង​អប់រំ​មហាវិទ្យាល័យ​ស្ដីពី​ការអប់រំ​ស្ត្រី មិនត្រូវ​បាន​គេ​ធ្វើតាម» Nadeem បញ្ជាក់​ដូច្នេះ។

Nadeem ក៏បាន​ឱ្យដឹងថា មុខវិជ្ជា​មួយចំនួន​មិន​សមស្រប​នឹង​ស្ត្រីភេទ។ «បច្ចេកទេស​កសិកម្ម និង​មុខវិជ្ជា​មួយចំនួន​ផ្សេងទៀត មិន​សមស្រប​នឹង​សេចក្តីថ្លៃថ្នូរ និង​កិត្តិយស​របស់​និស្សិត​ស្រី ក៏ដូចជា​វប្បធម៌​រប​ស់ អា​ហ្វ​ហ្គា​នី​ស្ថាន» រដ្ឋមន្ត្រីក្រសួង​អប់រំ​របស់ តា​លី​បង់ អះអាង​ដូច្នេះ និង​បន្តថា អាជ្ញាធរ​ក៏បាន​បិទ​សាលា​ដែល​បង្រៀន​តែ​និស្សិត​ស្រី​ក្នុងករណី​មួយចំនួន​ផងដែរ។

អាជ្ញាធរ​តា​លី​បង់ កាលពី​ថ្ងៃទី 20 ធ្នូ បានដាក់​បម្រាម​មិន​កំណត់ពេល​ចំពោះ​និស្សិត​ស្រី​អា​ហ្វ​ហ្គា​នី​ស្ថាន រៀន​នៅ​មហាវិទ្យាល័យ បន្ទាប់ពី​ជិត 3 ខែ​ដែល​សិស្សស្រី និង​ស្ត្រី​រាប់ពាន់នាក់​នៅ​ប្រទេស​នេះ ចូលរួម​ប្រលង​ចូល​មហាវិទ្យាល័យ។

តា​លី​បង់ ក៏បាន​ឱ្យដឹងថា សាលា​មធ្យមសិក្សា​សម្រាប់​សិស្សស្រី​ស្ទើរតែ​ទាំងអស់​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ក៏ត្រូវ​បាន​បិទទ្វារ​បណ្ដោះអាសន្ន​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ។

របបតាលីបង់ ហាម​សិស្សស្រី​រៀន​មហាវិទ្យាល័យ

ក្រុម​ប្រទេស G7 មានប្រតិកម្ម​ខ្លាំងក្លា​ទៅនឹង​បទបញ្ជា​ខាងលើ​របស់ តា​លី​បង់ និង​បាន​ស្នើឱ្យ​អាជ្ញាធរ​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន លុបចោល​បម្រាម​នេះ។ អា​រ៉ា​ប៊ី​សា​អូឌីត ក៏បាន​សម្ដែង​ការភ្ញាក់ផ្អើល និង​សោកស្ដាយ ព្រមទាំង​ជំរុញ​ឱ្យ តា​លី​បង់ ដក​បម្រាម​នេះ​ផងដែរ។ ប៉ុន្តែ Nadeem និយាយថា សហគមន៍​អន្តរជាតិ​មិនគួរ​លូកដៃ​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន។

អាជ្ញាធរ​តា​លី​បង់ ថែមទាំង​បានដាក់​ការកំណត់​យ៉ាង​តឹងរឹង​នៅពេល​ហាម​ស្ត្រី​ទៅ​ឧទ្យាន ពិព័រណ៍ បន្ទប់​ហាត់ប្រាណ ក៏ដូចជា​បន្ទប់​ងូតទឹក​សាធារណៈ។

តា​លី​បង់ បានប្រកាសថា បាន​ផ្លាស់ប្ដូរ​ច្រើន​ធៀប​នឹង​កាលពី​សម័យ​ជាង 20 ឆ្នាំមុន និង​បាន​អះអាងថា កំពុង​អនុញ្ញាតឱ្យ​ស្ត្រី​ទទួលបាន​សិទ្ធិ​នានា​ទៅតាម​ច្បាប់​សាសនា​អ៊ីស្លាម និង​វប្បធម៌​អា​ហ្វ​ហ្គា​នី​ស្ថាន។ ប៉ុន្តែ ការសម្រេចចិត្ត​ក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ នាំឱ្យ​របប​នេះ​រង​ការរិះគន់ និង​សង្ស័យ៕

Leave a Reply

Your email address will not be published. Required fields are marked *