ក្នុងពេលលេងសប្បាយនៅក្នុងការដ្ឋានសំណង់ ក្មេងស្រីអាយុ 5 ឆ្នាំម្នាក់បានធ្លាក់ចូលទៅក្នុងរណ្ដៅតូចមួយ និងជាប់ក្នុងរយៈពេលរាប់សិបនាទីមុនពេលអាចទាញឡើងបាន។
គ្រោះថ្នាក់នេះកើតឡើងនៅពេលក្មេងស្រីរងគ្រោះដែលមានផ្ទះនៅក្បែរការដ្ឋានសំណង់ កំពុងរត់លេងជាមួយមិត្តភក្ដិក្នុងតំបន់ក្បែរគម្រោងបុរីមួយកន្លែងនៅភាគខាងត្បូងប្រទេសវៀតណាម កាលពីថ្ងៃទី 19 ធ្នូ។ ពេលកំពុងរត់លេង ក្មេងស្រីម្នាក់នេះក៏រអិលជើងធ្លាក់ចូលទៅក្នុងរណ្ដៅជ្រៅដែលធ្វើដើម្បីចាក់សសរបេតុង។
ពេលឮសំឡេងស្រែកឱ្យជួយ សន្តិសុខ និងកម្មករក៏រត់មកមើល ប៉ុន្តែមិនបានជួយបាន ដោយសារតែរណ្ដៅមានអង្កត់ផ្ចិតត្រឹមតែ 30 សម។ ក្មេងស្រីនេះស្រែកយំជាមិនឈប់ដោយភាពភ័យខ្លាច និងរន្ធត់។
ក្រុមពន្លត់អគ្គិភ័យ និងសង្គ្រោះ ក្នុងតំបន់ចំនួន 14 នាក់ រួមនឹងឧបករណ៍ជួយសង្គ្រោះ មិនយូរប៉ុន្មានក៏បានមកដល់កន្លែងកើតហេតុ។ មាត់រណ្ដៅតូចពេក បុគ្គលិកសង្គ្រោះមិនអាចចុះទៅជួយបាន។ ការពង្រីករណ្ដៅក៏ត្រូវចំណាយពេលច្រើន ហើយដីក៏អាចធ្លាក់កប់ជនរងគ្រោះ ដូច្នេះត្រូវរកវិធីផ្សេង។
បុគ្គលិកសង្គ្រោះបានប្រើវិធីចិត្តសាស្ត្រដើម្បីរម្ងាប់អារម្មណ៍ភ័យខ្លាច រួចទម្លាក់ខ្សែ និងឧបករណ៍សង្គ្រោះចូលក្នុងរណ្ដៅ និងណែនាំក្មេងស្រីនេះតាមលំដាប់លំដោយដើម្បីទាញឡើង។ ប្រហែល 20 នាទីក្រោយមក ក្មេងស្រីរងគ្រោះក៏ត្រូវបានទាញឡើងមកលើដោយសុវត្ថិភាព និងបញ្ចូលទៅកាន់មន្ទីរពេទ្យ។ បច្ចុប្បន្ន សុខភាពរបស់ក្មេងស្រីនេះបានល្អប្រសើរវិញហើយ។
យោងតាមសារព័ត៌មាន VNexpress កាលពីឆ្នាំ 2015 ហេតុការណ៍ប្រហាក់ប្រហែលនេះក៏បានកើតឡើងនៅវៀតណាម។ ក្នុងពេលរត់លេង ក្មេងស្រីអាយុ 7 ឆ្នាំម្នាក់បានធ្លាក់ចូលអណ្ដូងជម្រៅ 13 ម៉ែត្រ។ ក្រោយការប្រឹងប្រែងអស់រយៈពេល 10 ម៉ោង ក្នុងការជីកអណ្ដូងមួយទៀតនៅក្បែរនោះ អាជ្ញាធរក៏សង្គ្រោះបានជោគជ័យ៕