អ្នកគាំទ្រប្រហែល 100 នាក់ ក្នុងនោះមានទាំងអ្នកចងទង់របស់ ប្រទេសម៉ារ៉ុក បានប៉ះទង្គិចជាមួយប៉ូលិសនៅ ព្រុចសែល បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិរបស់ ម៉ារ៉ុក ចាញ់ ក្រុមបារាំង នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្រុមអ្នកគាំទ្រម៉ារ៉ុក កាលពីយប់ថ្ងៃទី 14 ធ្នូ បានប្រមូលផ្ដុំគ្នានៅក្បែរស្ថានីយរថភ្លើង Brussels South និងបាននាំគ្នាបាញ់កាំជ្រួច និងគប់វត្ថុផ្សេងៗទៅលើក្រុមប៉ូលិសប្រឆាំងកុបកម្ម ព្រមទាំងបានដុតធុងក្រដាស និងថង់សំរាមផងដែរ។ ប៉ូលិសក៏បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ទឹក និងបាញ់ផ្សែងបង្ហូរទឹកភ្នែកដើម្បីរំសាយហ្វូងមនុស្ស។
ការប៉ះទង្គិចគ្នារវាងប៉ូលិស និងអ្នកគាំទ្រម៉ារ៉ុក បានកើតឡើងក្នុងរយៈពេលខ្លី និងមិនបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរនោះទេ។ ប៉ូលិសក៏បានចាប់ខ្លួនមនុស្សមួយចំនួន។
យោងតាម Mirror ការប៉ះទង្គិចបែបនេះក៏បានកើតឡើងក្នុងតំបន់មួយចំនួននៅ ប្រទេសបារាំង ផងដែរ។ ប៉ូលិសប្រឆាំងកុបកម្មត្រូវបានដាក់ពង្រាយនៅតំបន់មួយចំនួនរបស់ រដ្ឋធានីប៉ារីស ដើម្បីបំបែកហ្វូងមនុស្សដែលគាំទ្រ ម៉ារ៉ុក និង បារាំង។ រូបភាពលើបណ្ដាញសង្គមបង្ហាញថា មានមនុស្សមួយចំនួនពាក់មួកជិតក្បាលដេញតាមអ្នកគាំទ្រម៉ារ៉ុក។
អ្នកគាំទ្រម៉ារ៉ុក និងអ្នកគាំទ្របារាំង ក៏បានប៉ះទង្គិចគ្នានៅ Place de la Comedie ទីក្រុង Montpellier ក្នុងនោះមានអ្នកខ្លះបាញ់កាំជ្រួចសំដៅលើគូបដិបក្ខ ខណៈដែលសំឡេងស្រែកដាក់គ្នាលាន់ឮកងរំពង មុនពេលប៉ូលិសចូលធ្វើអន្តរាគមន៍។
https://www.youtube.com/watch?v=UTu4Te79NA4
ក្រុមជម្រើសជាតិម៉ារ៉ុក កាលពីថ្ងៃទី 14 ធ្នូ បានចាញ់ក្រុមរបស់ បារាំង 0-2 ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅ World Cup 2022។ ម៉ារ៉ុក លើកនេះបានយកឈ្នះលើក្រុមធំៗជាច្រើន ហើយក៏បានក្លាយជាតំណាងទ្វីបអាហ្វ្រិកដំបូងគេដែលបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅ World Cup។
ក្រុមជម្រើសជាតិបារាំង នឹងប៉ះក្រុមរបស់ អាហ្សង់ទីន ក្នុងវគ្គផ្ដាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅថ្ងៃទី 18 ធ្នូ ខណៈដែល ម៉ារ៉ុក ត្រូវជួប ក្រូអាត ក្នុងការប្រកួតដណ្ដើមពានរង្វាន់លេខ 3 មុននោះមួយថ្ងៃ៕