Skip to content

អ្នកគាំទ្រ​ប្រធានាធិបតី​ប្រេ​ស៊ី​ល ដុត​រថយន្ត និង​ប៉ះទង្គិច​ជាមួយ​ប៉ូលិស

អ្នកគាំទ្រ​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Bolsonaro ដុតបំផ្លាញ​រថយន្ត និង​ព្យាយាម​សម្រុកចូល​ការិយាល័យ​ប៉ូលិស​នៅ ប្រា​ស៊ី​លី​យ៉ា ដើម្បី​រំដោះ​មេដឹកនាំ​បាតុករ​ម្នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន។

បាតុកម្មហិង្សា​បានកើត​ឡើង​នៅ រដ្ឋធានី​ប្រា​ស៊ី​លី​យ៉ា កាលពី​ថ្ងៃទី 12 ធ្នូ ក្រោយពី​កម្លាំង​សន្តិសុខ​បាន​ចាប់ខ្លួន Jose Acacio Serere Xavante ទៅតាម​បញ្ជា​តុលាការ​ជាន់ខ្ពស់ (STF) ដែល​បាន​ចោទថា មាន​គំរាមកំហែង​ដល់​នីតិរដ្ឋ​ប្រជាធិបតេយ្យ។

លោក Serere Xavante ដែលជា​មេដឹកនាំ​ក្រុមមនុស្ស​មួយ​ក្រុង​នៅក្នុង​តំបន់ គាំទ្រ​ប្រធានាធិបតី Jair Bolsonaro និង​បដិសេធ​លទ្ធផល​បោះឆ្នោត​កាលពី​ថ្ងៃទី 30 តុលា 2022 ដែល​លោក Bolsonaro ត្រូវ​ចាញ់​លោក Luiz Inacio Lula da Silva។

សមត្ថកិច្ច​ត្រូវ​ប្រើប្រាស់​ផ្សែង​បង្ហូរទឹកភ្នែក និង​គ្រាប់កាំភ្លើង​ជ័រ​ដើម្បី​រំសាយ​បាតុករ។ រថយន្ត​ជាច្រើន​គ្រឿង​ត្រូវបាន​ដុតបំផ្លាញ​នៅក្នុង​បាតុកម្មហិង្សា​នេះ ខណៈ​មនុស្ស​មួយចំនួន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស ក្នុងពេលដែល​បាតុករ​ព្យាយាម​សម្រុកចូល​អគារ​របស់​ប៉ូលិស​ដើម្បី​រំដោះ​លោក Serere Xavante។

រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ប្រេ​ស៊ី​ល ប្រកាសថា នឹង​ស្រាវជ្រាវ​រឿងនេះ ហើយ​បាន​បញ្ជាក់ថា ស្ថានការណ៍​កំពុង​ស្ងប់ស្ងាត់​មកវិញ។

កាលពី​ថ្ងៃទី 07 ធ្នូ លោក Lula បានទទួល​ឯកសារ​បញ្ជាក់ថា លោក​បាន​ជាប់ឆ្នោត ដែល​នេះ​ក៏​ជាការ​បញ្ចប់​រដូវ​កាល​ប្រកួតប្រជែង​ជាមួយនឹង​លោក Bolsonaro។ STF កាលពី​ថ្ងៃទី 12 ធ្នូ ក៏បាន​បញ្ជាក់ថា ជ័យជម្នះ​បាន​ទៅលើ​លោក Lula។

ចំណែក​លោក Bolsonaro វិញ បាន​បដិសេធ​លទ្ធផល​នៃ​ការបោះឆ្នោត ដោយ​ចោទថា មាន​ការលួចបន្លំ។ ថ្វីបើ​បាន​បដិសេធ​លទ្ធផល ប៉ុន្តែ លោក Bolsonaro ក៏​មិន​រារាំង​ការផ្ទេរអំណាច ខណៈដែល​អ្នកគាំទ្រ​រប​ស់លោក នៅតែ​ធ្វើបាតុកម្ម និង​អំពាវនាវ​ឱ្យ​កងទ័ព​ចូលធ្វើ​អន្តរាគមន៍៕

Leave a Reply

Your email address will not be published. Required fields are marked *