Skip to content

មក​ស្វែង​យល់​អំពី​ Oulu ដែលជា «ទីក្រុង​កង់​រដូវរងា» នៅ​ទ្វីបអឺរ៉ុប

(ហ្វាំ​ង​ឡង់)- សីតុណ្ហភាព​ចុះ​ដល់ -25 អង្សា​សេ​ក៏​មិនអាច​រារាំង​អ្នកជិះ​កង់​នៅ​ទីក្រុង Oulu ជា​កន្លែង​ដែល​ហៅ​ខ្លួនឯង​ថា «ទីក្រុង​កង់​រដូវរងា» បានឡើយ។

«ខ្ញុំ​ជិះ​កង់​ពេញ​មួយឆ្នាំ។ ខ្ញុំ​ថែមទាំង​គ្មាន​រថយន្ត» Ari Karjalainen ឱ្យដឹង​ដូច្នេះ​នៅពេល​ត្រលប់​ទៅផ្ទះ​ក្រោយពី​បាន​ទិញ​គ្រឿងទេស​កាលពី​ថ្ងៃទី 01 ធ្នូ។

Oulu ដែលជា​ទីក្រុង​នៅ​ភាគ​ខាងជើង​ប្រទេស​ហ្វាំ​ង​ឡង់ មាន​ចម្ងាយ​ពី​តំបន់​អាក​ទិ​ក ឬ​ហៅថា​ប៉ូល​ខាងជើង​ប្រហែល 160 គីឡូម៉ែត្រ​ទៅ​ទិស​ខាងត្បូង។ បើទោះជា​មេឃ​ធ្លាក់​ព្រឹល ទីតាំង​ចត​កង់​នៅតែ​ពេញ​ណែន។ ប្រជាជន​ក្នុង​តំបន់​ស្ទើរតែ​គ្រប់រូប ចូលចិត្ត​ជិះ​កង់ មិន​ថា ក្ដៅ ឬ​ត្រជាក់។

«ឱ្យតែ​ស្លៀកពាក់​កក់ក្ដៅ» Mimmi Kahkonen អាយុ 22 ឆ្នាំ ឆ្លើយតប​ដូច្នេះ​នៅពេល​ត្រូវបាន​សួរថា ធ្វើយ៉ាងណា​ដើម្បី​ជិះ​កង់​ក្នុង​អាកាសធាតុ​ត្រជាក់​បែបនេះ។

មនុស្ស​មួយចំនួន​ជិះ​កង់​ដែល​ប្រើប្រាស់​សម្បក​កង់​ពិសេស​មិន​រអិល​សម្រាប់​រដូវរ​ងា ប៉ុន្តែ​អ្នកខ្លះ​ក៏​នៅតែ​ប្រើប្រាស់​សម្បក​កង់​ធម្មតា។

«ពួកយើង​បាន​ស៊ាំ​នឹង​រដូវ​ត្រជាក់​ទៅហើយ ដូច្នេះ​មិន​គិតថា​នេះ​គឺជា​ឧបសគ្គ​ធំ​ឡើយ» Harri Vaarala វិស្វករ​ផ្នែក​គមនាគមន៍​របស់​ទីក្រុង ថ្លែង​ដូច្នេះ។

ទីក្រុង​ឆ្នេរសមុទ្រ Oulu ជា​មធ្យម​ធ្លាក់​ព្រឹល 5 ខែ និង​សីតុណ្ហភាព​ក្រោម 0 អង្សា​សេ ពេញ​មួយឆ្នាំ។ កង់​គឺជា​មធ្យោបាយ​ធ្វើដំណើរ​ដែល​រួមចំណែក 1/5 នៃ​ចរាចរណ៍​សរុប​តាម​ដងផ្លូវ។ Harri Vaarala ពន្យល់ថា កត្តា​សំខាន់​មួយ​ដែល​ធ្វើឱ្យ​កង់​ទទួលបាន​ការពេញនិយម​គឺថា ទីក្រុង​មាន​គន្លង​ផ្លូវ​សម្រាប់​កង់ ដែល​ទទួលបាន​អាទិភាព​ក្នុងការ​ឈូសឆាយ និង​ថែទាំ​ជាពិសេស​នៅពេល​មាន​ព្រឹល​ធ្លាក់។

សាលា Metsokangas មាន​សិស្ស 1,200 នាក់ ក្នុងនោះ​មាន​ប្រហែល 1,000 នាក់​ជិះ​កង់​ទៅ​រៀន​ពេញ​មួយ​រដូវរងា។ ប៉ុន្មាន​ឆ្នាំ​មកនេះ ទីក្រុង​បាន​បើក​ឱ្យប្រើ​ប្រាស់​គន្លង «ផ្លូវ​ល្បឿន​លឿន​សម្រាប់​កង់» ដែលមាន​ទទឹង 6 ម៉ែត្រ។

យោងតាម Harri Vaarala នៅ​តំបន់​មួយចំនួន សាលាក្រុង​ថែមទាំង​ផ្ដល់​អាទិភាព​ដល់​កង់​ច្រើនជាង​រថយន្ត ហើយ​កន្លែង​ខ្លះទៀត​ក៏​ប្ដូរ​គន្លង​សម្រាប់​រថយន្ត​មកជា​គន្លង​សម្រាប់​កង់​ទៀតផង ដោយ​ផ្អែកទៅលើ​តម្លៃ និង​អត្ថប្រយោជន៍​ជាក់ស្ដែង។

សាលាក្រុង Oulu មាន​ក្រុមការងារ​តាមដាន​គន្លង​ផ្លូវ​សម្រាប់​កង់ ដើម្បី​ធានាថា មិនមាន​ព្រឹល ឬ​ឧបសគ្គ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​អ្នកជិះ​កង់៕

Leave a Reply

Your email address will not be published. Required fields are marked *