(សហរដ្ឋអាម៉េរិក)- Artemis 1 ដែលជាបេសកកម្មសាកល្បងមិនមានមនុស្សជិះរយៈពេល 25 ថ្ងៃនៅឯឋានព្រះចន្ទ បានបញ្ចប់បេសកកម្មរបស់ខ្លួននៅពេលយានអវកាស Orion របស់ ណាសា ចុះចតដោយជោគជ័យលើសមុទ្រកាលពីយប់មិញ។
យានអវកាស Orion សម្រេចបានដំណាក់កាលចុងក្រោយនៃដំណើរហោះហើរជាង 385,000 គីឡូម៉ែត្រ ពីព្រះចន្ទត្រលប់មកកាន់ផែនដី។ យានអវកាសនេះបានចុះចតលើផ្ទៃទឹកនៃមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងលំហសមុទ្រ Baja California របស់ ម៉ិកស៊ិក កាលពីម៉ោង 12 និង 40 នាទី ថ្ងៃទី 11 ធ្នូ 2022 ត្រូវនឹងម៉ោង 00 និង 40 នាទី ថ្ងៃទី 12 ធ្នូ 2022 នៅ កម្ពុជា។
ក្រោយពីបានចុះចត យាន Orion បានឆ្លងកាត់រយៈពេល 6 ម៉ោងនៅលើផ្ទៃសមុទ្រ ដោយសារ ណាសា ត្រូវការប្រមូលទិន្នន័យ និងធ្វើការពិសោធមួយចំនួនមុនពេលក្រុមជំនួយចាប់ផ្ដើមការស្រង់។ យានយន្តមួយចំនួនរួមមាន ឧទ្ធម្ភាគចក្រ និងកប៉ាល់ស្រង់ USS Portland ជាដើម របស់ទ័ពជើងទឹកអាម៉េរិក បានរង់ចាំជាស្រេចនៅក្បែរនោះ។
ដោយទទួលបានជោគជ័យពី Artemis 1 ណាសា នឹងវិភាគទិន្នន័យដែលប្រមូលបានក្នុងដំណើរហោះហើរនេះ និងជ្រើសរើសក្រុមហោះហើរសម្រាប់បេសកកម្ម Artemis 2 ដែលនឹងធ្វើការហោះហើរនៅឆ្នាំ 2024។ Artemis 2 នឹងនាំអវកាសចរហោះទៅតាមគំរូបេសកកម្ម Artemis 1 ដោយគោចរជុំវិញឋានព្រះចន្ទ ប៉ុន្តែមិនចុះចត។ បេសកកម្ម Artemis 3 នឹងធ្វើឡើងនៅឆ្នាំ 2025 ក្នុងនោះ អវកាសចរនឹងចុះចតលើឋានមួយនេះជាថ្មី៕