Skip to content

តារាចម្រៀង​កូរ៉េខាងត្បូង នឹង​ហោះ​ទៅកាន់​អវកាស​ជាមួយ​មហាសេដ្ឋី​ជប៉ុន

មហាសេដ្ឋី Yusaku Maezawa កាលពី​ថ្ងៃទី 08 ធ្នូ បានប្រកាស​ឈ្មោះ​សមាជិក​ក្រុម​ហោះហើរ 8 នាក់ ក្នុងនោះ​មាន​ទាំង​តារាចម្រៀង​រ៉ែ​ប T.O.P របស់​ក្រុម Big Bang ផងដែរ ដែល​នឹង​រួម​ដំណើរ​ជាមួយ​គាត់ ហោះ​ទៅ​គោចរ​ជុំវិញ​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ 2023។

គម្រោង​ដំណើរ​ទេសចរណ៍​ជុំវិញ​ឋាន​ព្រះ​ចន្ទ​របស់ Maezawa ដែលមាន​ឈ្មោះថា DearMoon ត្រូវបាន​ប្រកាស​ជា​លើកដំបូង​កាលពី​ឆ្នាំ 2018 និង​យក​សិល្បករ​ជា​ចំណុចកណ្ដាល។ ដំបូង មហាសេដ្ឋី​ជប៉ុន គ្រោង​អញ្ជើញ​មនុស្ស​ដែល​គាត់​ចង់​ធ្វើដំណើរ​ជាមួយ ប៉ុន្តែ​ក្រោយមក​ក៏បាន​ប្ដូរផ្លាស់​ទៅជា​ការប្រកួតប្រជែង​មួយ​ដែល​បេក្ខជន​អាច​ចុះឈ្មោះ​តាម​អន​ឡាញ។ Maezawa នឹង​ចេញថ្លៃ​ទាំងស្រុង​សម្រាប់​ក្រុម​ហោះហើរ​នេះ។

បេក្ខជន​ទាំង 8 នាក់​ដែល​ត្រូវបាន​ជ្រើសរើស​រួមមាន DJ និង​ជា​អ្នក​ផលិត​ចម្រៀង​រាំ​អេ​ឡិច​ត្រូ​និ​ច Steve Aoki របស់ សហរដ្ឋ​អាម៉េរិក, Youtuber ជនជាតិ​អាម៉េរិក Tim Dodd, សិល្បករ និងអ្នក​​បង្កើត​ក្បាច់​រាំ​ជនជាតិ​ឆែក Yemi AD, ជាង​ថតរូប​ជនជាតិ​អ​អៀរ​ឡង់ Rhiannon Adam, ជាង​ថតរូប​ជនជាតិ​អង់គ្លេស Karim Iliya, ផលិតករ​ភាពយន្ត​ជនជាតិ​អាម៉េរិក Brendan Hall, តារា​សម្ដែង​ជនជាតិ​ឥណ្ឌា Dev Joshi និង​តារាចម្រៀង​រ៉ែ​ប T.O.P របស់​ក្រុម​ចម្រៀង​កូរ៉េខាងត្បូង Big Bang។

យោងតាម​ទិន្នន័យ​លើ​ទំព័រ DearMoon ដំណើរ​ហោះហើរ​តាម​យានអវកាស Starship ដែល​កំពុង​ត្រូវបាន​អភិវឌ្ឍ​របស់ SpaceX នេះ នឹង​អូស​បន្លាយពេល​ជិត 6 ថ្ងៃ និង​គោចរ​ជុំវិញ​ព្រះ​ចន្ទ ដោយ​មិន​មានការ​ចុះចត។ នៅពេល​ផលិត​រួចរាល់ Starship នឹង​ក្លាយជា​រ៉ុក្កែត​ដែលមាន​កម្លាំង​ខ្លាំង​បំផុត​នៅលើ​ពិភពលោក។

កាលពី​ខែធ្នូ​ឆ្នាំ​កន្លង មហាសេដ្ឋី​ជប៉ុន Maezawa ស្ថាបនិក​របស់​មជ្ឈមណ្ឌល​ទិញដូរ​សម្លៀកបំពាក់​អន​ឡាញ​ធំ​បំផុត​នៅ ជប៉ុន បាន​ហោះ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ ក្នុង​រយៈពេល​ខ្លី ជាមួយនឹង​អ្នក​ផលិត​វីដេអូ​របស់គាត់​គឺ Yozo Hirano រួម​នឹង​​ក្រុម​អវកាស​ចរ​ជនជាតិ​រុស្ស៊ី តាម​រយៈ​​យានអវកាស Soyuz។ ថ្លៃ​សម្រាប់​ដំណើរ​ហោះហើរ​នេះ​គឺ​ប្រហែល 73 លាន​ដុល្លារ​អាម៉េរិក៕

Leave a Reply

Your email address will not be published. Required fields are marked *