សភាជាន់ទាបអាម៉េរិក អនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីថវិកាសម្រាប់ការពារជាតិឆ្នាំ 2023 ក្នុងនោះមានទាំងកញ្ចប់ជំនួយយោធាឡើងដល់ 10 ពាន់លានដុល្លារសម្រាប់ កោះតៃវ៉ាន់ ផងដែរ។
សេចក្ដីព្រាងច្រាប់ការពារជាតិ (NDAA) សម្រាប់ឆ្នាំ 2023 ដែលត្រូវបានសភាជាន់ទាបរបស់ សហរដ្ឋអាម៉េរិក អនុម័តកាលពីថ្ងៃទី 08 ធ្នូ នឹងអនុញ្ញាតឱ្យប្រទេសនេះផ្ដល់ជំនួយដល់ កោះតៃវ៉ាន់ ចំនួន 2 ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ 2023 ដល់ 2027។ ច្បាប់នេះក៏អនុញ្ញាតឱ្យ ប្រធានាធិបតី ចូ បៃដិន ផ្ដល់ឱ្យ តៃវ៉ាន់ នូវឧបករណ៍ការពារជាតិដែលយកពីឃ្លាំងរបស់ អាម៉េរិក ឬសេវាកម្មដទៃ ដែលមានទំហំទឹកប្រាក់ឡើងដល់ 1 ពាន់លានដុល្លារ/ឆ្នាំ។
យោងតាមសេចក្ដីព្រាងច្បាប់ថ្មីខាងលើ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ ត្រូវ «ផ្ដល់អាទិភាព និងពន្លឿនការឆ្លើយតបនឹងសំណើពី តៃវ៉ាន់ ទៅតាមកម្មវិធីលក់ទំនិញយោធាឱ្យភាគីខាងក្រៅ»។
«NDAA នឹងបង្កើនទំនាក់ទំនងផ្នែកការពារជាតិរបស់ សហរដ្ឋអាម៉េរិក ជាមួយនឹង តៃវ៉ាន់» តំណាងរាស្ត្រ Bob Menendez ប្រធានគណៈកម្មការកិច្ចការបរទេសនៅសភាជាន់ទាប បានឱ្យដឹងដូច្នេះនៅក្នុងប្រកាសមួយ មុនពេលសេចក្ដីព្រាងច្បាប់ត្រូវបានអនុម័ត។
សេចក្ដីព្រាងច្បាប់នេះត្រូវការសភាជាន់ខ្ពស់អនុម័តបន្តទៀត មុនពេលត្រូវបានបញ្ជូនទៅកាន់ សេតវិមាន ដើម្បីប្រធានាធិបតី ចូ បៃដិន ចុះហត្ថលេខាជាច្បាប់។
ទីក្រុងប៉េកាំង និង ទីក្រុងតៃប៉ិ មិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយ ទាក់ទិននឹងសេចក្ដីព្រាងច្បាប់ថ្មីរបស់ សហរដ្ឋអាម៉េរិក៕