Skip to content

តំណាងរាស្ត្រ​ប្រទេស​តួ​ក​គី ​វាយតប់​គ្នា​នៅក្នុង​សភា ពេល​ពិភាក្សា​អំពី​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​ក្រោយ

តំណាងរាស្ត្រ​បក្សប្រឆាំង​មួយរូប​របស់ តួ​ក​គី ត្រូវ​សង្គ្រោះបន្ទាន់ បន្ទាប់ពី​ត្រូវ​រង​ការ​វាយ​ទៅលើ​ក្បាល​នៅក្នុង​ហេតុការណ៍​ប្រវាយប្រតប់​គ្នា​ជាមួយ​តំណាងរាស្ត្រ​ដទៃ​នៅក្នុង​រដ្ឋសភា។

ការជជែក​អំពី​ថវិកាជាតិ​​សម្រាប់​ឆ្នាំ 2023 នៅ សភា​តួ​ក​គី កាលពី​ថ្ងៃទី 06 ធ្នូ បានប្រព្រឹត្ត​ទៅ​​​ប្រកបដោយ​ភាព​តានតឹង រហូតដល់​ធ្វើឱ្យមាន​អំពើ​វាយតប់​គ្នា។ តំណាងរាស្ត្រ​បក្ស​កាន់អំណាច AKP និង​បណ្ដា​បក្សប្រឆាំង បាន​រត់ទៅរក​គ្នា និង​វាយតប់​គ្នា ខណៈ​តំណាងរាស្ត្រ​ខ្លះទៀត​រក​វិធី​រារាំង។

ទិដ្ឋភាព​ដែល​ផ្សាយ​ដោយ DHA បាន​បង្ហាញថា តំណាងរាស្ត្រ Huseyin Ors អាយុ 58 ឆ្នាំ របស់​បក្ស Iyi (Good Party) ត្រូវបាន​តំណាងរាស្ត្រ Zafer Isik របស់​បក្ស​កាន់អំណាច AKP ដាល់​ចំ​ផ្ទៃមុខ ឬ​ក្បាល​។ តំណាងរាស្ត្រ Aylin Cesur មកពី​បក្ស Iyi បាន​ជួយសង្គ្រោះភ្លាមៗដល់​លោក Ors មុនពេល​នាំទៅ​សង្គ្រោះបន្ទាន់។

នេះ​មិនមែនជា​លើកដំបូង​ឡើយ​ដែលមាន​ហេតុការណ៍​វាយតប់​គ្នា​នៅ​សភា​របស់ តួ​ក​គី។ កាលពី​ឆ្នាំ 2020 កិច្ចប្រជុំ​ពិភាក្សា​អំពី​សកម្មភាព​យោធា​របស់ តួ​ក​គី នៅ ស៊ី​រី ក៏​ប្រព្រឹត្ត​ទៅក្នុង​ភាព​តានតឹង បណ្ដាលឱ្យ​តំណាងរាស្ត្រ​មួយចំនួន​បាត់បង់​អំណត់ ហើយក៏​សម្រុក​ចូលទៅ​រកគ្នា និង​វាយតប់​គ្នា​ពេញ​សភា៕

Leave a Reply

Your email address will not be published. Required fields are marked *