សភាឥណ្ឌូណេស៊ី បានអនុម័តសេចក្ដីព្រាងនៃវិសោធនកម្មក្រមព្រហ្មទណ្ឌ ក្នុងនោះក៏មានមាត្រាកំណត់ថា ដាក់ពន្ធនាគារអតិបរមាមួយឆ្នាំចំពោះបុគ្គលដែលមានទំនាក់ទំនងផ្លូវភេទក្រៅអាពាហ៍ពិពាហ៍។
សេចក្ដីព្រាងនៃវិសោធនកម្មក្រមព្រហ្មទណ្ឌ ត្រូវបានសភាឥណ្ឌូណេស៊ី អនុម័តនាថ្ងៃនេះ បន្ទាប់ពីអនុប្រធានសភាជាន់ទាប Sufmi Dasco Ahmad គោះញញួរ និងស្រែកថា «ស្របច្បាប់»។ សេចក្ដីព្រាងនៃវិសោធនកម្មក្រមព្រហ្មទណ្ឌនេះ មុននោះទទួលបានការឯកភាពទាំងស្រុងពីបក្សទាំង 9 នៅ ឥណ្ឌូណេស៊ី បើទោះជាធ្វើឱ្យមានមតិចម្រូងចម្រាសក្នុងសង្គម។
មាត្រាមួយក្នុងចំណោមមាត្រាដែលបង្កភាពចម្រូងចម្រាសបំផុតក្នុងសេចក្ដីព្រាងនៃវិសោធនកម្មក្រមព្រហ្មទណ្ឌនេះ គឺការចាត់ទុកទំនាក់ទំនងផ្លូវភេទក្រៅអាពាហ៍ពិពាហ៍ ក៏ដូចជាការរួមរស់របស់គូស្នេហ៍មិនទាន់រៀបការថាជារឿងខុសច្បាប់។
អំពើរួមរស់ជាមួយគ្នាមុនពេលរៀបការនៅ ឥណ្ឌូណេស៊ី នឹងត្រូវបានកាត់ទោសដាក់ពន្ធនាគារយ៉ាងយូរ 6 ខែ ខណៈដែលអ្នកមានទំនាក់ទំនងផ្លូវភេទក្រៅអាពាហ៍ពិពាហ៍ នឹងត្រូវបានដាក់ពន្ធនាគារមួយឆ្នាំ នេះបើតាមសារព័ត៌មាន AFP។
ការកំណត់ខាងលើត្រូវបានក្រុមហ៊ុននានានៅ ឥណ្ឌូណេស៊ី រិះគន់ថា ជាការបង្កឧបសគ្គដល់វិស័យទេសចរណ៍ បើទោះក្រុមមន្ត្រីប្រទេសនេះអះអាងថា ទេសចរដែលមកកំសាន្តនៅកោះ Bali មិនត្រូវបានកែប្រែដោយក្រមព្រហ្មទណ្ឌនេះ៕