អភិបាលខេត្ត Kursk បានឱ្យដឹងថា ព្រលានយន្តហោះរបស់ រុស្ស៊ី នៅព្រំដែនក្បែរទឹកដីរបស់ អ៊ុយក្រែន ត្រូវរងការវាយប្រហារពីយន្តហោះគ្មានមនុស្សជិះ (UAV) ដែលនេះកើតឡើងមួយថ្ងៃបន្ទាប់ពីករណីផ្ទុះនៅមូលដ្ឋានទ័ពអាកាសចំនួន 2 របស់ រុស្ស៊ី។
«ការវាយប្រហារដោយយន្តហោះគ្មានមនុស្សជិះ (UAV) បានបណ្ដាលឱ្យអាងដាក់ប្រេងមួយត្រូវឆេះ នៅក្នុងបរវេណរបស់ ព្រលានយន្តហោះ Kursk ប៉ុន្តែមិនបង្កឱ្យមានមនុស្សស្លាប់។ កងកម្លាំងជំនាញកំពុងមានវត្តមាននៅកន្លែងកើតហេតុ» Roman Starovoit អភិបាលខេត្ត Kursk នៅភាគខាងលិចប្រទេសរុស្ស៊ី ថ្ងៃនេះបានប្រាប់ដូច្នេះ។
ព្រលានយន្តហោះ Kursk ស្ថិតនៅចម្ងាយពីទីក្រុងរដ្ឋបាលរបស់ខេត្ត Kursk ប្រហែល 7 គីឡូម៉ែត្រ ទៅទិសខាងកើត។ ព្រលានយន្តហោះនេះបានផ្អាកទទួលយន្តហោះស៊ីវិលចាប់ពីថ្ងៃទី 24 កុម្ភៈ 2022 ជាពេលដែលសង្គ្រាមនៅ អ៊ុយក្រែន ទើបតែផ្ទុះឡើង។
អភិបាលខេត្ត Kursk មិនបាននិយាយច្បាស់ថា UAV ដែលបានវាយប្រហារលើព្រលានយន្តហោះខាងលើ មានប្រភពពីណា។ ចំណែក អ៊ុយក្រែន ក៏មិនទាន់មានការអធិប្បាយអ្វីទាក់ទងនឹងព័ត៌មាននេះ។
ករណីខាងលើកើតឡើងមួយថ្ងៃបន្ទាប់ពីមានករណីផ្ទុះពីរលើកនៅមូលដ្ឋានទ័ពអាកាស Dyagilevo និង Engels របស់ រុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ី បានចោទថា អ៊ុយក្រែន ប្រើប្រាស់ UAV ពីសម័យសូវៀត វាយប្រហារលើមូលដ្ឋានទាំងពីរនេះ។ អ៊ុយក្រែន ក៏មិនទាន់បានបញ្ចេញប្រតិកម្មនៅឡើយ៕