Skip to content

គណៈប្រតិភូ​តំណាងរាស្ត្រ​ចម្រុះ​បក្ស​របស់ អូស្ត្រាលី ធ្វើ​ទស្សនកិច្ច​កោះ​តៃវ៉ាន់

ប្រតិភូ​តំណាងរាស្ត្រ​របស់ ប្រទេស​អូស្ត្រាលី ធ្វើដំណើរ​ទៅកាន់ កោះ​តៃវ៉ាន់ ដើម្បី «ពិភាក្សា​អំពី​ផលប្រយោជន៍​រួម» បើទោះជា​មានការ​ព្រមាន​ជាមុន​ពី​សំណាក់​ទីក្រុង​ប៉េកាំង។

«ប្រតិភូ​តំណាងរាស្ត្រ​ចម្រុះ​បក្ស​នៅ​សភា​របស់ អូស្ត្រាលី កំពុង​ធ្វើ​ទស្សនកិច្ច កោះ​តៃវ៉ាន់។ ប្រតិភូ​នេះ​បានមក​ដល់​កោះ​រួចហើយ» អ្នកនាំពាក្យ​របស់​ការិយាល័យ​ការបរទេស​របស់ តៃវ៉ាន់ Joanne Ou ថ្លែង​នៅ​ថ្ងៃទី 06 ធ្នូ​ដូច្នេះ។

លោកស្រី Ou ឱ្យដឹងថា ប្រតិភូ​តំណាងរាស្ត្រ​អូស្ត្រាលី នឹង «ពិភាក្សា​អំពី​បញ្ហា​ជាច្រើន​ស្ដីពី​ផលប្រយោជន៍​រួម» រវាង​ភាគី​ទាំងពីរ ប៉ុន្តែ មិនបាន​លើកឡើង​លម្អិត។ លោកស្រី​បន្ថែមថា តៃវ៉ាន់ វាយតម្លៃ​ខ្ពស់​ចំពោះ​ភាពស្និទ្ធស្នាល​របស់ សភា​អូស្ត្រាលី និង​កោតសរសើរ​ចំពោះ​ទំនាក់ទំនង​រវាង ទីក្រុង​តៃប៉ិ និង កង់​បេ​រ៉ា ថា «សកម្ម សម្បូរបែប ភាគី​ទាំងពីរ​ទទួលផល​ប្រយោជន៍​រួម»។

យោងតាម​អ្នកនាំពាក្យ​ក្នុង​ប្រតិភូ​ខាងលើ ក្រុមតំណាងរាស្ត្រ​អូស្ត្រាលី បានចេញ​ដំណើរ​តាំងពី​ថ្ងៃទី 04 ធ្នូ ដើម្បី​ចាប់​ផ្ដើមធ្វើ​ទស្សនកិច្ច 5 ថ្ងៃ​នៅ តៃវ៉ាន់។ ឥរិយាបថ​នេះ​អាច​បញ្ឆេះ​កំហឹង​របស់ ចិនដីគោក ក្នុង​គ្រា​ដែល​ទំនាក់ទំនង​រវាង ទីក្រុង​ប៉េកាំង និង កង់​បេ​រ៉ា ហាក់​ចាប់ផ្ដើម​បង្ហាញ​សញ្ញា​ប្រេះឆា។

ក្រសួងការបរទេស​ចិន កាលពី​ថ្ងៃទី 05 ធ្នូ បានធ្វើ​ការប្រឆាំង​យ៉ាងខ្លាំង​ក្លា​ចំពោះ​ដំណើរ​ទស្សនកិច្ច​ខាងលើ និង​បាន​អំពាវនាវ​ឱ្យ អូស្ត្រាលី គោរព «គោលការណ៍​ប្រទេស​ចិន​តែមួយ» និង «ឈប់​បញ្ជូន​សារ​ខុសឆ្គង​ដល់​កងកម្លាំង​ទាមទារ​ឯករាជ្យ​សម្រាប់ កោះ​តៃវ៉ាន់»។

ចំណែក នាយករដ្ឋមន្ត្រី​អូស្ត្រាលី Anthony Albanese វិញ ថ្លែងថា ដំណើរ​ទស្សនកិច្ច​នេះ​គឺជា​ដំណើរ​ឯកជន មិនមែន​ទស្សនកិច្ច​របស់​រដ្ឋាភិបាល​ឡើយ។

ទីក្រុង​ប៉េកាំង តែង​ចាត់ទុក កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​មិនអាច​កាត់ផ្ដាច់​បាន ហើយ​ប្រកាសថា នឹង​ប្រើប្រាស់​កម្លាំងបាយ​ដើម្បី​រឹបអូស​កោះ​នេះ​មក​គ្រប់គ្រង បើសិនជា​ចាំបាច់៕

Leave a Reply

Your email address will not be published. Required fields are marked *