រដ្ឋាភិបាលអែលសាល់វ៉ាឌ័រ បញ្ចេញទាហាន និងប៉ូលិស 10,000 នាក់ បិទខ្ទប់ទីរួមស្រុក Soyapango ដើម្បីតាមចាប់ខ្លួនសមាជិកក្រុមចាប់ជំរិតទារប្រាក់នៅក្នុងតំបន់នេះ។
ប្រធានាធិបតីរបស់ ប្រទេសអែលសាល់វ៉ាឌ័រ (El Salvador) Nayib Bukele ប្រកាសថា ទីរួមស្រុក Soyapango នៅជាយរដ្ឋធានីសាន់សាល់វ៉ាឌ័រ (San Salvador) ត្រូវបានបិទខ្ទប់ទាំងស្រុងចាប់ពីថ្ងៃទី 03 វិច្ឆិកា។ ទាហាន និងប៉ូលិសត្រូវបានតម្រូវឱ្យត្រួតពិនិត្យលិខិតស្នាមរបស់ប្រជាជន ខណៈដែលកងកម្លាំងពិសេសតាមរកក្រុមជនពាលនៅខាងក្នុង។
នេះគឺជាការបញ្ចេញកម្លាំងធំបំផុតនៅក្នុងយុទ្ធនាការរបស់ប្រធានាធិបតី Bukele ដើម្បីបោសសម្អាតក្រុមជនពាលដែលចាប់ជំរិតទារប្រាក់ពីបណ្ដាក្រុមហ៊ុននៅក្នុងតំបន់ជាយរដ្ឋធានី។
ក្រុមឧក្រិដ្ឋជនដែលកំពុងកាន់កាប់ទីរួមស្រុក Soyapango គឺ Barrio 18 ជាក្រុមសង្គមងងឹតមួយដែលប្រើអំពើហិង្សាច្រើនជាងគេនៅ អែលសាល់វ៉ាឌ័រ។ អាជ្ញាធរអែលសាល់វ៉ាឌ័រ កាលពីថ្ងៃទី 04 ធ្នូ បានប្រកាសថា ចាប់បាន «ត្រីធំ» មួយក្បាលរបស់ក្រុម Barrio 18 គឺ Guillermo Alexander Pineda ដែលត្រូវគេសង្ស័យថាជាអ្នកបានចេញបញ្ជាឱ្យចាប់ជំរិតទារប្រាក់ និងសម្លាប់មនុស្សនៅពាសពេញប្រទេស។
អែលសាល់វ៉ាឌ័រ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាឧក្រិដ្ឋកម្មខ្ពស់បំផុតក្នុងពិភពលោក។ អត្រានៃអំពើសម្លាប់មនុស្សជាមធ្យមនៅប្រទេសនេះគឺ 51 ករណី/ប្រជាជន 100,000 នាក់ នៅក្នុងមួយថ្ងៃ ក្នុងឆ្នាំ 2018 ដែលភាគច្រើនទាក់ទិននឹងក្រុមសង្គមងងឹត។
នៅក្នុងយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មដែលប្រកាសដោយប្រធានាធិបតី Bukele កាលពីខែមីនា អាជ្ញាធរអែលសាល់វ៉ាឌ័រ បានចាប់ខ្លួនជនសង្ស័យជាង 58,000 នាក់៕