ក្រសួងការបរទេសវៀតណាម អះអាងថា កោះតៃវ៉ាន់ រំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីរបស់ វៀតណាម នៅពេលធ្វើសមយុទ្ធយោធានៅលើកោះ Taiping នៃប្រជុំកោះ Spratly។
«ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់ តៃវ៉ាន់ នៅតំបន់សមុទ្រជុំវិញកោះ Ba Binh (Tiping) នៃប្រជុំកោះ Truong Sa (Spratly) របស់ វៀតណាម គឺជាសកម្មភាពរំលោភធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីរបស់ វៀតណាម ចំពោះប្រជុំកោះនេះ និងគំរាមកំហែងសន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខផ្លូវសមុទ្រ បង្កភាពតានតឹង ព្រមទាំងបង្កើនភាពស្មុគស្មាញនៅសមុទ្រខាងកើត (សមុទ្រចិនខាងត្បូង)» អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Le Thi Thu Hang នាថ្ងៃនេះបានឱ្យដឹងដូច្នេះ។
ការអះអាងខាងលើត្រូវបានលើកឡើងបន្ទាប់ពីមានការស្នើឱ្យអធិប្បាយអំពីព័ត៌មានដែលថា តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅតំបន់ជុំវិញកោះ Tiping ក្នុងប្រជុំកោះ Spratly កាលពីថ្ងៃទី 29 វិច្ឆិកា 2022។
លោកស្រី Le Thi Thu Hang បញ្ជាក់ថា «វៀតណាម ប្ដេជ្ញាប្រឆាំង និងស្នើឱ្យ តៃវ៉ាន់ លុបចោលសកម្មភាពខុសច្បាប់ដូចនិយាយខាងលើ និងកុំឱ្យមានសកម្មភាពដូច្នេះទៀត»។
កោះ Tiping គឺជាកោះធម្មជាតិធំបំផុតក្នុងប្រជុំកោះ Spratly នៅសមុទ្រចិនខាងត្បូង។ តៃវ៉ាន់ ធ្លាប់ដាក់ពង្រាយកងម៉ារីននៅលើកោះនេះ ប៉ុន្តែក្រោយមកក៏បានដាក់ជំនួសដោយប៉ូលិសដែលបំពាក់អាវុធ មានដូចជា កាំភ្លើងយន្ត កាំភ្លើងត្បាល់រយៈចម្ងាយឆ្ងាយជាដើម ចាប់ពីឆ្នាំ 2000។ តៃវ៉ាន់ និង វៀតណាម សុទ្ធតែអះអាងអំពីកម្មសិទ្ធិរបស់ពួកគេនៅប្រជុំកោះ Spratly៕