ក្រុមហ៊ុនដឹកជញ្ជូន TransJakarta របស់ ឥណ្ឌូណេស៊ី ទើបតែបានប្រកាសបន្ថែមរថយន្តក្រុងពណ៌ផ្កាឈូក10 គ្រឿងទៀត សម្រាប់ដឹកតែអ្នកដំណើរជាស្ត្រីភេទ។
នេះគឺជាវិធានការមួយរបស់ TransJakarta ដើម្បីការពារអ្នកដំណើរជាស្ត្រីភេទនៅចំពោះមុខការកើនឡើងនៃអំពើបៀតបៀនផ្លូវភេទនៅលើមធ្យោបាយដឹកជញ្ជូនសាធារណៈ។
បន្ទាប់ពីការបន្ថែមខាងលើនេះ ហ្សាការតា នឹងមានរថយន្តក្រុងពណ៌ផ្កាឈូកចំនួន 20 គ្រឿង ដែលធ្វើសកម្មភាពចាប់ពីម៉ោង 5 ព្រឹក ដល់ 21 យប់ ហើយថ្លៃធ្វើដំណើរធម្មតាគឺ 3,500 រូពីឥណ្ឌូណេស៊ី (ជាង 900 រៀល)។
មិនត្រឹមទទួលដឹកតែអ្នកដំណើរជាស្ត្រីភេទនោះទេ ប៉ុន្តែ រថយន្តពណ៌ផ្កាឈូកនេះក៏មានអ្នកបើកបរ និងបុគ្គលិក រៀបចំដំណើរសុទ្ធតែជានារីផងដែរ។
ចំនួនករណីបៀតបៀនផ្លូវភេទនៅលើមធ្យោបាយធ្វើដំណើរសាធារណៈនៅ ហ្សាការតា ក្នុងឆ្នាំនេះ កើនឡើងទ្វេដង ធៀបនឹងឆ្នាំកន្លង។ យោងតាម TransJakarta ការដាក់ឱ្យដំណើរការរថយន្តក្រុងពណ៌ផ្កាឈូកនេះគឺជាការប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីការពារសុវត្ថិភាពរបស់ស្ត្រី នៅចំពោះមុខអំពើបៀតបៀនផ្លូវភេទនៅលើមធ្យោបាយដឹកជញ្ជូនសាធារណៈ៕