ទាហានឥណ្ឌូណេស៊ី 2 រូប ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ 7 ខែ ព្រោះតែមានទំនាក់ទំនងស្នេហាជាមួយមនុស្សភេទដូចគ្នា ជាប្រការដែលកងទ័ពរបស់ប្រទេសនេះចាត់ទុកថាជាសកម្មភាពមិនត្រឹមត្រូវ។
AFP កាលពីថ្ងៃទី 30 វិច្ឆិកា បានយោងតាមសេចក្ដីសម្រេចកាលពីថ្ងៃទី 09 វិច្ឆិកា 2022 របស់តុលាការយោធានៃ ប្រទេសឥណ្ឌណេស៊ី បានឱ្យដឹងថា ទាហាន 2 រូបដែលមានទំនាក់ទំនងស្នេហានឹងមនុស្សភេទដូចគ្នាត្រូវបានបណ្ដេញចេញពីជួរកងទ័ព។ ទាហានទាំង 2 នាក់នេះបានចូលបម្រើកងទ័ពកាលពីឆ្នាំកន្លង និងឈរជើងនៅលើកោះជ្វា (Java)។
«ការដែលជនជាប់ចោទប្រព្រឹត្តអំពើរួមភេទជាមួយនឹងមនុស្សភេទដូចគ្នាគឺជារឿងដែលមិនសមស្រប។ ក្នុងនាមជាទាហាន ជនជាប់ចោទត្រូវតែជាគំរូល្អសម្រាប់មនុស្សនៅជុំវិញ។ សកម្មភាពរបស់ជនជាប់ចោទបានដើរផ្ទុយទៅនឹងច្បាប់រដ្ឋ ឬគ្រប់បញ្ញត្តិផ្នែកសាសនា» សាលក្រមតុលាការកម្រាស់ 60 ទំព័រ មានឃ្លាសរសេរដូច្នេះ។
តុលាការកំពូលឥណ្ឌូណេស៊ី បានចុះផ្សាយអំពីសាលក្រមខាងលើកាលពីសប្ដាហ៍កន្លង ប៉ុន្តែរហូតដល់យប់ថ្ងៃទី 29 វិច្ឆិកា ទើបហេតុការណ៍នេះត្រូវបានគេដឹងច្រើន បន្ទាប់ពីការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Detik។
ប្រធានអង្គការលើកលែងទោសអន្តរជាតិឥណ្ឌូណេស៊ី Usman Hamid បានចោទប្រកាន់ក្រុមមន្ត្រីនៅ ឥណ្ឌូណេស៊ី ថា ចេញសាលក្រមដែលបង្ហាញអំពីការស្អប់ខ្ពើមក្រុមសំឡេងភាគតិច ក្នុងនោះមានទាំងសហគមន៍ភេទទីបី (LGBTQ) ផងដែរ៕