សារព័ត៌មាន Xinhua ដែលជាទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន នារសៀលថ្ងៃទី 30 វិច្ឆិកា 2022 នេះ បានប្រកាសថា អតីតប្រធានាធិបតីចិន លោក ជាំង ហ្សេមីន (Jiang Zemin) បានទទួលមរណភាព ក្នុងជន្មាយុ 96 ឆ្នាំ។
គេហទំព័រផ្លូវការរបស់របស់ Xinhua បានប្ដូរទៅជាពណ៌ខ្មៅនៅវេលាម៉ោង 14 និង 40 នាទី ថ្ងៃទី 30 វិច្ឆិកា (ម៉ោងក្នុងស្រុក) នៅពេលចុះផ្សាយថា លោក ជាំង ហ្សេមីន ទទួលមរណភាពនៅវេលាម៉ោង 12 និង 13 នាទី (ម៉ោង 11 និង 13 នាទី នៅ កម្ពុជា) នៅក្នុងទីក្រុងសៀងហៃ ដោយសារជំងឺមហារីកគ្រាប់ឈាម បើទោះជាមានការប្រឹងប្រែងក្នុងការជួយសង្គ្រោះ។
Xinhua ក៏បានដកស្រង់សារលិខិតរបស់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) ផ្ញើជូនចំពោះបក្ស កងទ័ព និងប្រជាជនចិនទាំងមូល ក្នុងនោះមានឃ្លាសរសេរថា «សមមិត្ត ជាំង ហ្សេមីន គឺជាមេដឹកនាំឆ្នើម មានកេរ្ដិ៍ឈ្មោះល្អ ត្រូវបានបក្ស កងទ័ព និងប្រជាពលរដ្ឋចិន ទទួលស្គាល់ថា ជាមនុស្សម្នាក់ដែលដើរតាមលទ្ធិម៉ាក្សនិយមដ៏អស្ចារ្យ ជាអ្នកបដិវត្តន៍វណ្ណអធនដ៏មហាអស្ចា្យ…ជាអ្នកយុទ្ធសាស្ត្រយោធា និងអ្នកការទូតចាស់វាស្សា»។
លោក ជាង ហ្សេមីន ចាប់កំណើតនៅថ្ងៃទី 17 សីហា 1926 នៅទីក្រុង Yangzhou ប្រទេសចិន។ លោកគឺជាអតីតអគ្គលេខាធិការបក្សកុម្មុយនិស្តចិន ពីឆ្នាំ 1989 ដល់ឆ្នាំ 2002, ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម ពីឆ្នាំ 1989 ដល់ឆ្នាំ 2004 និងជាប្រធានាធិបតីចិន ពីឆ្នាំ 1993 ដល់ឆ្នាំ 2003។ លោកចាប់កំណើតនៅថ្ងៃទី 17 សីហា 1926 នៅទីក្រុង Yangzhou ប្រទេសចិន។