មន្ទីរបញ្ចកោណ អនុម័តការលក់យន្តហោះគ្មានមនុស្សបើក (UAV) ខ្នាតតូច និងប្រព័ន្ធប្រឆាំងអាវុធប្រភេទនេះក្នុងតម្លៃ 1 ពាន់លានដុល្លារ ទៅឱ្យ ប្រទេសកាតា។
«ការជួញដូរដែលត្រូវបានស្នើឡើងនេះនឹងបង្កើនកម្លាំងរបស់ កាតា នៅក្នុងការទប់ទល់នឹងការគំរាមកំហែងនាបច្ចុប្បន្ន និងអនាគត ដោយមានការផ្ដល់នូវសមត្ថភាពបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដោយប្រើប្រាស់ទាំងកម្លាំងនៃចលនវត្ថុ ទាំងអេឡិចត្រូនិច» ការិយាល័យសហការផ្នែកសន្តិសុខការពារជាតិ (DSCA) នៃ ក្រសួងការពារជាតិអាម៉េរិក ប្រកាសកាលពីថ្ងៃទី 29 វិច្ឆិកាដូច្នេះ។
ក្រសួងការបរទេសអាម៉េរិក មុននោះ បានអនុម័តការលក់អាវុធខាងលើទៅឱ្យ កាតា ហើយ DSCA បានបញ្ជូនសំណើនេះឡើងទៅកាន់ សភាអាម៉េរិក ដើម្បីអនុម័តបន្ត។
«ការចំណាយសរុបនៃកម្មវិធីនេះគឺ 1 ពាន់លានដុល្លារអាម៉េរិក។ ការជួញដូរដែលបានស្នើឡើងនឹងជួយគាំទ្រដល់គោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់ សហរដ្ឋអាម៉េរិក តាមរយៈការលើកកម្ពស់សន្តិសុខរបស់ប្រទេសស្និទ្ធស្នាលមួយ» DSCA អះអាងបន្ថែម។
ការជួញដូរអាវុធដែល សហរដ្ឋអាម៉េរិក កំពុងអនុម័តសម្រាប់ កាតា មានយន្តហោះ UAV ខ្នាតតូច Coyote Block 2 ចំនួន 200 គ្រឿង រួមនឹងបណ្ដាទម្ររបស់ប្រព័ន្ធ Coyote, ប្រព័ន្ធប្រយុទ្ធអេឡិចត្រូនិចប្រឆាំងអាវុធគ្មានមនុស្សបើកបរ (CUAEWS) និងឧបករណ៍ពាក់ព័ន្ធ។
ក្រៅពីនេះ ការជួញដូរអាវុធខាងលើក៏មានទាំងប្រព័ន្ធប្រឆាំង UAV FS-LIDS ដែលមានសមត្ថភាពស្វែងរកឃើញ UAV ខ្នាតតូច ហោះទាប និងយឺត រួមនឹងការបែងចែកប្រភេទ និងចាប់ទម្លាក់ដោយប្រើប្រាស់អេឡិចត្រូនិចផងដែរ។
ប្រកាសរបស់ DSCA ត្រូវបានធ្វើឡើងក្រោយពីក្រុម Houthi នៅ Yemen ដែលគាំទ្រដោយ អ៊ីរ៉ង់ ត្រូវបានចោទប្រកាន់ជាច្រើនលើកថា បានប្រើប្រាស់ UAV វាយប្រហារលើគោលដៅនានានៅ តំបន់ឈូងសមុទ្រពែក្ស៕