កូរ៉េខាងត្បូង បានព្រមានថា កូរ៉េខាងជើង នឹងប្រឈមមុខនឹងប្រតិកម្ម «មិនធ្លាប់មាន» បើសិនប្រទេសនេះសាកល្បងអាវុធនុយក្លេអែរ និងបានស្នើឱ្យ ទីក្រុងប៉េកាំង «កែប្រែឥរិយាបថ» របស់ ទីក្រុងព្យុងយ៉ាង។
ការសាកល្បងអាវុធនុយក្លេអែរលើកទី 7 នឹងជាសកម្មភាពខ្វះភាពឆ្លាតវៃដ៏ធ្ងន់ធ្ងររបស់ កូរ៉េខាងជើង» ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានថ្លែងប្រាប់ Reuters កាលពីម្សិលមិញដូច្នេះ។
នៅពេលត្រូវបានសួរថា កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តនឹងធ្វើអ្វី បើសិន កូរ៉េខាងជើង ធ្វើការសាកល្បងអាវុធនុយក្លេអែរថ្មី លោក Yoon ប្រកាសថា ប្រតិកម្មតបនឹងជា «រឿងមិនធ្លាប់បានឃើញក្នុងអតីតកាល» ប៉ុន្តែលោកមិនបានលើកឡើងលម្អិត។
«យើងត្រូវតែបញ្ចេញប្រតិកម្មឱ្យបានស៊ីចង្វាក់គ្នា និងស្របគ្នា» លោក Yoon បញ្ជាក់ និងបន្ថែមថា កង្វះភាពស៊ីចង្វាក់គ្នារបស់សហគមន៍អន្តរជាតិបានធ្វើគោលនយោបាយទាក់ទិននឹង កូរ៉េខាងជើង មិនមានប្រសិទ្ធភាពអស់រយៈពេល 3 ទសវត្សរ៍មកហើយ។
យោងតាមលោក Yoon ប្រទេសចិន មិនត្រឹមតែមានការទទួលខុសត្រូវនោះទេ តែក៏មានលទ្ធភាពអាចបញ្ចេញឥទ្ធិពលលើឥរិយាបថរបស់ កូរ៉េខាងជើង ក្រោយពី ទីក្រុងព្យុងយ៉ាង ធ្វើការសាកល្បងមីស៊ីលជាបន្តបន្ទាប់។
ភាគីខាង ប្រទេសចិន និង កូរ៉េខាងជើង មិនទាន់មានប្រតិកម្មអ្វីនៅឡើយ ទាក់ទងនឹងការការព្រមាន ក៏ដូចជាការអះអាងរបស់ ប្រធានាធិបតិកូរ៉េខាងត្បូង៕