រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ីរ៉ង់ ចុះហត្ថលេខាលើបទបញ្ជាដោះលែងអ្នកទោសជាង 700 នាក់នៅទូទាំងប្រទេស ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិរបស់ប្រទេសនេះយកឈ្នះ 2-0 លើក្រុមមកពី រាជាណាចក្រវ៉ែលស៍ (Wales) នៅ World Cup 2022។
«ក្រោយជ័យជម្នះប្រកបដោយមោទកភាពរបស់ក្រុមបាល់ទាត់ជម្រើសជាតិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Gholam Hossein Mohseni Ejei បានចូលរួមអបអរជាមួយប្រជាជនទូទាំងប្រទេស និងចុះហត្ថលេខាលើបទបញ្ជាពិសេស ស្នើឱ្យក្រុមមន្ត្រីយុត្តិធម៌ជួយដល់អ្នកទោសដែលមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការលើកលែងទោស ដោះលែងឱ្យមានសេរីភាពត្រលប់ទៅកាន់គ្រួសារ» ទីភ្នាក់ងារសារព័ត៌មាន Mizan ដែលមានទំនាក់ទំនងជាមួយនឹង ក្រសួងយុត្តិធម៌អ៊ីរ៉ង់ ប្រកាសកាលពីម្សិលមិញដូច្នេះ។
សារព័ត៌មានអ៊ីរ៉ង់ ឱ្យដឹងថា អ្នកទោសប្រហែល 715 នាក់នៅក្នុង 12 ខេត្តរបស់ប្រទេសនេះ ត្រូវបានដោះលែង ក្នុងនោះមានទាំងអ្នកទោសដែលត្រូវបានចាប់ខ្លួន «ក្នុងព្រឹត្តិការណ៍ថ្មីៗនេះ» ដែលនេះហាក់សំដៅលើបាតុកម្មដែលបានផ្ទុះឡើងក្រោយពីការស្លាប់របស់នារី Mahsa Amini កាលពីខែកញ្ញា។
ជ័យជម្នះ 2-0 លើ រាជាណាចក្រវ៉ែលស៍ កាលពីថ្ងៃទី 25 វិច្ឆិកា គឺជាលើកដំបូងដែល អ៊ីរ៉ង់ បានយកឈ្នះលើក្រុមជម្រើសជាតិមកពី អឺរ៉ុប នៅក្នុងប្រវត្តិសាស្ត្រ World Cup។
អ៊ីរ៉ង់ បានចាញ់ 2-6 នៅក្នុងការប្រកួតជាមួយនឹង អង់គ្លេស កាលពីថ្ងៃទី 21 វិច្ឆិកា។ ក្រុមជម្រើសជាតិអ៊ីរ៉ង់ ក៏រងការខាតបង់ធំក្រោយការប្រកួតនោះ នៅពេលអ្នកចាំទីសំខាន់ Alireza Beiranvand ត្រូវបាក់ក្ដោងច្រមុះដោយសារការប៉ះទង្គិចជាមួយនឹងកីឡាកររួមក្រុមក្នុងពេលទប់ស្កាត់បាល់។
អ៊ីរ៉ង់ កំពុងមានឱកាសជាលើកដំបូងដើម្បីចូលទៅកាន់វគ្គជម្រុះផ្ទាល់។ ក្រុមជម្រើសជាតិប្រទេសនេះកំពុងស្ថិតនៅចំណាត់ថ្នាក់ទីពីរក្នុងពូល B ហើយនឹងត្រូវប្រកួតជាមួយ សហរដ្ឋអាម៉េរិក នៅជុំចុងក្រោយ៕