យន្តហោះធុនតូចហោះទៅបុកចំបង្គោលខ្សែភ្លើងនៅក្នុងរដ្ឋ Maryland បណ្ដាលឱ្យប្រជាជនជាង 120,000 គ្រួសារនៅ រដ្ឋធានីវ៉ាស៊ីងតោន ត្រូវដាច់ចរន្តអគ្គិសនី។
យន្តហោះម៉ាស៊ីនតែមួយ Mooney M20J ហោះបុកចំបង្គោលខ្សែភ្លើងតង់ស្យុងខ្ពស់នៅតំបន់ Montgomery ក្នុងរដ្ឋ Maryland របស់ សហរដ្ឋអាម៉េរិក កាលពីល្ងាចថ្ងៃទី 27 វិច្ឆិកា (ព្រឹកថ្ងៃទី 28 វិច្ឆិកានៅ កម្ពុជា) នៅក្នុងពេលអាកាសធាតុចុះអ័ព្ទខ្លាំង។
រូបភាពនៅកន្លែងកើតហេតុបង្ហាញថា យន្តហោះត្រូវជាប់នៅកណ្ដាលគ្រោងសសរ និងខ្សែភ្លើងតង់ស្យុងខ្ពស់ដែលមានកម្ពស់ជាង 30 ម៉ែត្រ។
ក្រុមហ៊ុនអគ្គិសនី Pepco បានឱ្យដឹងថា អតិថិជនប្រមាណ 120,000 នៅក្នុង រដ្ឋធានីវ៉ាស៊ីងតោន ត្រូវដាច់ចរន្តអគ្គិសនីដោយសារតែហេតុការណ៍គ្រោះថ្នាក់នេះ។ ផ្លូវជាច្រើនត្រូវបិទទ្វារ ស្របពេលដែលភ្លើងចរាចរណ៍ក្នុងតំបន់កើតហេតុត្រូវផ្អាកដំណើរការ។
ក្រុមមន្ត្រីនិយាយថា មនុស្សពីរនាក់នៅលើយន្តហោះនៅមានជីវិតនៅឡើយ និងបានជាប់គាំងក្នុងរយៈពេលយូរ ប៉ុន្តែមិនបានឱ្យដឹងលម្អិត។
អាជ្ញាធរគ្រប់គ្រងអាកាសចរណ៍អាម៉េរិក (FAA) បានឱ្យដឹងថា យន្តហោះ M20J ចេញដំណើរពី Westchester ក្នុងរដ្ឋ New York ហើយគ្រោងនឹងចុះចតនៅឯព្រលានយន្តហោះ Montgomery ក្បែរកន្លែងកើតហេតុ៕