ប្រទេសចិន បានប្រកាសអាសន្នស្ដីពីរលកត្រជាក់ឡើងដល់ពណ៌ទឹកក្រូច ដែលជាកម្រិតធ្ងន់ធ្ងរបំផុតក្នុងចំណោម 3 កម្រិត គ្រាដែលរដូវត្រជាក់ត្រូវបានព្យាករថានឹងប៉ះពាល់ដល់ខេត្ត និងក្រុងជាង 20 ដោយសីតុណ្ហភាពអាចថយចុះជាង 20 អង្សាសេ។
ក្រោយរយៈពេលមួយថ្ងៃ បន្ទាប់ពីបានប្រកាសអាសន្នស្ដីពីរលកត្រជាក់ពណ៌លឿង ដែលជាកម្រិតទី 2 ក្នុងចំណោម 3 កម្រិត រួមមានពណ៌ខៀវ លឿន និងទឹកក្រូច ស្ថានីយឧតុនិយមជាតិចិន បានដំឡើងកម្រិតនៃការប្រកាសអាសន្នឡើងខ្ពស់បំផុត ពោលគឺពណ៌ទឹកក្រូច នៅទូទាំងប្រទេសកាលពីម៉ោង 6 ល្ងាចថ្ងៃទី 27 វិច្ឆិកា និងម៉ោង 6 ព្រឹកថ្ងៃទី 28 វិច្ឆិកា (ម៉ោងក្នុងស្រុង)។
យោងតាម ស្ថានីយឧតុនិយមចិន រលកត្រជាក់នេះនឹងប៉ះពាល់ដល់ទឹកដីស្ទើរតែទាំងអស់របស់ ប្រទេសចិន បង្កឱ្យមានអាកាសធាតុត្រជាក់ខ្លាំង ខ្យល់ខ្លាំង ធូលីខ្សាច់ និងភ្លៀងព្រឹលទ្រង់ទ្រាយធំ។ សីតុណ្ហភាពនៅតំបន់ភាគខាងជើង កណ្ដាល និងភាគខាងកើតរបស់ ប្រទេសចិន នឹងថយចុះចាប់ពី 10 ដល់ 16 អង្សាសេ ហើយក៏មានតំបន់ខ្លះថយចុះ 18 អង្សាសេ និងជាង 20 អង្សាសេក៏មាន។ ខេត្តក្រុង និងតំបន់ស្វយ័តជាង 20 របស់ប្រទេសនេះនឹងរងផលប៉ះពាល់ដោយសារអាកាសធាតុត្រជាក់លឿន និងខ្លាំងក្នុងលើកនេះ។
អំពីពេលវេលាដែលអាកាសធាតុចុះត្រជាក់ លោក Hu Xiao អ្នកវិភាគផ្នែកឧតុនិយមរបស់បណ្ដាញអាកាសធាតុចិន ឱ្យដឹងថា សីតុណ្ហភាពនឹងថយចុះដល់កម្រិតទាបបំផុតនៅក្នុងតំបន់ភាគខាងជើងប្រទេសចិន ចាប់ពីថ្ងៃទី 29 ដល់ 30 វិច្ឆិកា ខណៈដែលភាគខាងត្បូងនឹងចាប់ផ្ដើមពីថ្ងៃទី 01 ដល់ទី 02 ធ្នូខាងមុខ៕