តារាបង្ហាញម៉ូដរបស់ ក្រូអាត Ivana Knoll រងការរិះគន់ថា មិនបានគោរពចំពោះប្រពៃណី ទំនៀមទម្លាប់របស់ ប្រទេសកាតា នៅពេលបង្ហោះវីដេអូមួយដែលក្នុងនោះបង្ហាញថា នាងស្លៀកពាក់ឈុតហែលទឹកយ៉ាងស៊ិចស៊ី ដើរនៅលើដងផ្លូវតាមបណ្ដោយឆ្នេរសមុទ្រ។
Ivana Knoll គឺជាតារាបង្ហាញម៉ូដដ៏ល្បីឈ្មោះមួយរូបនៅ ក្រូអាត និងមានអ្នកតាមដានជាង 650,000 នាក់នៅលើ Instagram ហើយនាងក៏ជាអ្នកគាំទ្របាល់ទាត់ដ៏ខ្លាំងក្លាម្នាក់ផងដែរ។ នាងមកកាន់ កាតា ដើម្បីគាំទ្រក្រុមជម្រើសជាតិរបស់ ក្រូអាត នៅ World Cup 2022។ តារាម៉ូដែលរូបនេះក៏ធ្លាប់បានទៅកាន់ ប្រេស៊ីល ក្នុងឆ្នាំ 2014 និង រុស្ស៊ី ឆ្នាំ 2018 នៅពេល World Cup ត្រូវបានប្រារព្ធឡើងនៅប្រទេសទាំងនេះ។ ដូច្នេះហើយបានជា Ivana Knoll ត្រូវបានអ្នកយកព័ត៌មានផ្ដល់រហ័សនាមថា «អ្នកគាំទ្រ World Cup ស៊ិចស៊ីបំផុត»។
កាលពីថ្ងៃទី 24 វិច្ឆិកា Knoll បានបង្ហោះវីដេអូមួយនៅលើ Instagram ដែលក្នុងនោះនាងស្លៀកឈុតហែលទឹកក្រឡាការ៉ូពណ៌ក្រហមលាយស ដើរលើដងផ្លូវមួយតាមបណ្ដោយឆ្នេរសមុទ្រនៅ ប្រទេសកាតា។ សកម្មភាពរបស់ Knoll បន្ទាប់មកក៏ត្រូវរងការរិះគន់ពីអ្នកលេងបណ្ដាញសង្គម។ គណនីមួយបញ្ចេញមតិថា «ពិតជាគួរឱ្យអាម៉ាស។ ចូរគោរពដល់ប្រពៃណី ទំនៀមទម្លាប់របស់ប្រទេសដទៃផង»។
«នាងកំពុងស្ថិតនៅ ប្រទេសកាតា មិនមែន ក្រូអាត ទេ។ នាងត្រូវគោរពការកំណត់នានា នេះគឺជាប្រទេសអ៊ីស្លាម» គណនីមួយទៀតសរសេរបញ្ចេញមតិដូច្នេះ។
យោងតាមទំព័រ Mirror តារាម៉ូដែល Knoll ប្រហែលជានឹងត្រូវបានក្រុមមន្ត្រីរបស់ កាតា ទាក់ទងដើម្បីសួរនាំ។ មុនពេល World Cup ត្រូវបានសម្ពោធបើកការប្រកួតកាលពីថ្ងៃទី 20 វិច្ឆិកា ក្រុមមន្ត្រីរបស់ កាតា បានព្រមានថា ភ្ញៀវ ទាំងបុរស ទាំងស្ត្រី គួរតែគោរពវប្បធម៌របស់ប្រទេសនេះ ចៀសវាងការស្លៀកពាក់ស៊ិចស៊ីហួសហេតុនៅទីសាធារណៈ។ ពួកគេណែនាំថា ភ្ញៀវគួរតែស្លៀកពាក់ឱ្យបានជិតស្មា និងក្បាលជង្គង់។
ក្រោយការប្រកួតជាមួយ ម៉ារ៉ុក ដែលទទួលបានលទ្ធផល 0-0 ក្រុមក្រូអាត នៅ World Cup នឹងបន្តការប្រកួតនៅថ្ងៃទី 27 វិច្ឆិកា ដោយប៉ះនឹងក្រុមរបស់ កាណាដា។ ការប្រកួតចុងក្រោយរបស់ ក្រូអាត នៅក្នុងវគ្គជម្រុះនឹងធ្វើឡើងនៅថ្ងៃទី 01 ធ្នូ ដោយត្រូវជួបក្រុមជម្រើសជាតិរបស់ បែលហ្ស៊ិក៕