សហរដ្ឋអាម៉េរិក បានដាក់ក្រុមហ៊ុន Huawei និង ZTE ទៅក្នុងបញ្ជីស្ដីពីក្រុមហ៊ុនដែលត្រូវបានចាត់ទុកថាជាការគំរាមកំហែងដល់ប្រទេសនេះ និងហាមការផ្ដល់អាជ្ញាប័ណ្ណ ក៏ដូចជាការនាំចូល ឬលក់ផលិតផលរបស់ក្រុមហ៊ុនទាំងនេះ។
ក្រុមមន្ត្រីអាម៉េរិក កាលពីថ្ងៃទី 25 វិច្ឆិកា បានប្រកាសអំពីបទបញ្ជាហាមនាំចូល ឬលក់ឧបករណ៍ទំនាក់ទំនងដែល អាម៉េរិក ចាត់ទុកថាជា «ហានិភ័យមិនអាចទទួលយកបានសម្រាប់សន្តិសុខជាតិ» ក្នុងនោះក៏មានផលិតផលរបស់ក្រុមហ៊ុនចិន Huawei និង ZTE ផងដែរ។
ក្រុមហ៊ុនចិនទាំងពីរនេះ សុទ្ធតែស្ថិតក្នុងបញ្ជីឈ្មោះស្ដីពីបណ្ដាក្រុមហ៊ុនដែលត្រូវ គណៈកម្មការទូរគមនាគមន៍សហរដ្ឋអាម៉េរិក (FCC) ចាត់ទុកជាការគំរាមកំហែង។ បទបញ្ជាថ្មីក៏ហាមការផ្ដល់អាជ្ញាប័ណ្ណនៅ សហរដ្ឋអាម៉េរិក ចំពោះបណ្ដាឧបករណ៍របស់ Huawei និង ZTE នៅក្នុងអនាគត។
នេះគឺជាឥរិយាបថថ្មីបំផុតនៅក្នុងសកម្មភាពផ្លូវច្បាប់ ដើម្បីកាត់បន្ថយសិទ្ធិរបស់បណ្ដាក្រុមហ៊ុនចិន ក្នុងការវាយលុកទីផ្សារទូរគមនាគមន៍នៅ សហរដ្ឋអាម៉េរិក។ ការសម្រេចចិត្តខាងលើនេះត្រូវបានលើកឡើងនៅពេលស្ថានការណ៍នយោបាយ និងពាណិជ្ជកម្មរបស់ ចិន និង អាម៉េរិក កំពុងជាប់គាំង។
អាជ្ញាធររបស់ ប្រទេសចិន មិនទាន់មានប្រតិកម្មឆ្លើយតបនៅឡើយ ទាក់ទិននឹងបទបញ្ជាថ្មីខាងលើរបស់ សហរដ្ឋអាម៉េរិក។
កាលពីឆ្នាំ 2019 សហរដ្ឋអាម៉េរិក បានបញ្ចូលក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅ និងហាមក្រុមហ៊ុនអាម៉េរិក រកស៊ីជាមួយ ក្រុមហ៊ុនចិនមួយនេះ។ ជាលទ្ធផល ផ្នែកផលិតទូរស័ព្ទរបស់ Huawei ហាក់ស្ទើរតែក្ស័យធន ដោយប្រាក់ចំណូលរបស់ក្រុមហ៊ុននេះធ្លាក់ចុះយ៉ាងគំហុក៕