ទឹកដីភាគច្រើនរបស់ ប្រទេសអ៊ុយក្រែន កំពុងស្ថិតក្នុងភាពងងឹត ដោយសារតែបញ្ហាដាច់ចរន្តអគ្គិសនី បន្ទាប់ពីរងការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃទី 23 វិច្ឆិកា ពី រុស្ស៊ី។
ទីភ្នាក់ងារអវកាសអាម៉េរិក (NASA) ថ្ងៃទី 24 វិច្ឆិកា បានបញ្ចេញរូបថតពីផ្កាយរណបស្ដីពីតំបន់អឺរ៉ុបខាងកើត នៅក្នុងយប់នោះ ដែលបង្ហាញថា ទឹកដីភាគច្រើនរបស់ អ៊ុយក្រែន ស្ថិតក្នុងភាពងងឹត ក្នុងពេលដែលបណ្ដាប្រទេសនៅជុំវិញ នៅតែភ្លឺនាពេលរាត្រី។
នៅ ប្រទេសអ៊ុយក្រែន មានតែតំបន់មួយចំនួនតូចប៉ុណ្ណោះដែលមានភ្លឺបំភ្លឺ ដូចជា រដ្ឋធានីកៀវ និងទីក្រុង Lviv, Zhytomyr នៅភាគខាងលិច និង Odessa នៅភាគខាងត្បូង ប៉ុន្តែ កម្រិតពន្លឺបានថយចុះច្រើនដងធៀបនឹងដំណាក់កាលមុនសង្គ្រាម។ នៅឯតំបន់ភាគខាងកើតរបស់ អ៊ុយក្រែន ជាទីដែលកំពុងមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ហាក់មិនមានពន្លឺទាល់តែសោះ។
ក្រុមមន្ត្រីអ៊ុយក្រែន ឱ្យដឹងថា កងទ័ពរុស្ស៊ី បានបាញ់មីស៊ីលមានប្រព័ន្ធនាំផ្លូវ សំដៅលើហេដ្ឋារចនាសម្ព័ន្ធនៅ រដ្ឋធានីកៀវ និងទីក្រុងជាច្រើនរបស់ អ៊ុយក្រែន កាលពីរសៀលថ្ងៃទី 23 វិច្ឆិកា។
Ukrenergo ដែលជាក្រុមហ៊ុនគ្រប់គ្រងបណ្ដាញអគ្គិសនីជាតិរបស់ អ៊ុយក្រែន បានឱ្យដឹងថា 50% នៃតម្រូវការប្រើប្រាស់អគ្គិសនី មិនទាន់ត្រូវបានឆ្លើយតបនៅឡើយ នៅព្រលប់ថ្ងៃទី 24 វិច្ឆិកា។
60% ក្នុងចំណោមប្រជាពលរដ្ឋសរុប 3 លាននាក់នៅ រដ្ឋធានីកៀវ នៅតែស្ថិតក្នុងស្ថានភាពដាច់ចរន្តអគ្គិសនី។ តំបន់ផ្សេងទៀតនៅ អ៊ុយក្រែន ក៏រងផលប៉ះពាល់ដូចគ្នានេះដែរ៕