យន្តហោះ A320 របស់ក្រុមហ៊ុន LATAM ដែលកំពុងហោះឡើង បានបុកជាមួយនឹងរថយន្តពន្លត់អគ្គិភ័យកំពុងបរលើផ្លូវ បណ្ដាលឱ្យយន្តហោះឆាបឆេះ និងធ្វើឱ្យមនុស្ស 2 នាក់បាត់បង់ជីវិត។
ក្រុមហ៊ុនអាកាសចរណ៍ LATAM Airlines បានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅឯព្រលានយន្តហោះអន្តរជាតិ Jorge Chavez របស់ ប្រទេសប៉េរូ កាលពីថ្ងៃទី 18 វិច្ឆិកា នៅពេលរថយន្តពន្លត់អគ្គិភ័យបើកបរលើផ្លូវរត់របស់យន្តហោះ ចំពេលយន្តហោះ Airbus A320neo របស់ក្រុមហ៊ុននេះកំពុងហោះឡើង។
បន្ទាប់ពីការប៉ះទង្គិចធ្ងន់ យន្តហោះក៏បានឆាបឆេះយ៉ាងសន្ធោសន្ធៅ និងធ្លាក់ពីផ្លូវរត់ ហើយអ្នកដំណើរ និងបុគ្គលិកហោះហើរទាំងអស់ត្រូវបានឈ្លៀសចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព។ ក៏ប៉ុន្តែ បុគ្គលិក 2 នាក់នៅលើរថយន្តពន្លត់អគ្គិភ័យ បាត់បាត់បង់ជីវិត។
អាជ្ញាធរក្នុងតំបន់បានប្រកាសថា កំពុងស្រាវជ្រាវរកមូលហេតុនៃឧបទ្ទវហេតុទៅតាមការយល់ឃើញថា នេះគឺជាករណីសម្លាប់មនុស្សដោយអចេតនា។
នេះគឺជាឧបទ្ទវហេតុទីពីរនៅក្នុងរយៈពេលមិនដល់មួយខែ របស់ LATAM Airlines។ កាលពីថ្ងៃទី 28 តុលា 2022 យន្តហោះ A320 មួយគ្រឿងរបស់ក្រុមហ៊ុននេះ ត្រូវចុះចតជាបន្ទាន់នៅ ប្រទេសប៉ារ៉ាហ្កាយ បន្ទាប់ពីផ្នែកខាងមុខរបស់វា ត្រូវបានកម្ទេចនៅក្នុងតំបន់អាកាសធាតុអាក្រក់៕
…