លទ្ធផលនៃការស្រាវជ្រាវថ្មីមួយបានបង្ហាញភ័ស្ដុតាងដ៏គួរឱ្យភ័យខ្លាចមួយបានបង្ហាញថា ព្រះចន្ទ Phobos ដែលជាភពរណបអភ័ព្វបំផុតក្នុងប្រព័ន្ធព្រះអាទិត្យ ជិតក្លាយជាអតីតកាល និងបាត់ស្រមោលពីចក្រវាល។
មិនស្អាតដូចព្រះចន្ទរបស់ផែនដីនោះទេ ព្រះចន្ទរបស់ភពអង្គារមានទំហំតូចខ្លាំង និងមានសណ្ឋាចម្លែក ដែលគេប្រៀបប្រដូចទៅនឹងមើមដំឡូងបារាំ។ ពេលនេះ ការស្រាវជ្រាវមួយដែលទើបត្រូវបានចុះផ្សាយលើទស្សនាវដ្ដី The Planetary Science Journal បានឱ្យដឹងថា «មើមដំឡូងបារាំង» នេះ ជិតបាត់ខ្លួនជារៀងរហូត។
ដោយប្រើប្រាស់ទិន្នន័យរបស់បណ្ដាយានសង្កេតនានារបស់ ណាសា ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Tsinghua, សាកលវិទ្យាល័យ Beihang ប្រទេសចិន និងសាកលវិទ្យាល័យ Arizona របស់ សហរដ្ឋអាម៉េរិក យល់ថា ព្រះចន្ទ Phobos ជិតត្រូវបានភពអង្គារហែកកម្ទេចទាំងស្រុង។
សញ្ញាដែលច្បាស់បំផុតគឺបណ្ដាជ្រលងទន្ទឹមគ្នាដ៏ចម្លែកនៅលើផ្ទៃព្រះចន្ទដែលមានអង្កត់ផ្ចិត 27 គីឡូម៉ែត្រនេះ កើតឡើងដោយសារកម្លាំងទំនាញដែលខុសគ្នាឆ្ងាយរបស់ភពអង្គារ។ មុននោះ ជ្រលងខាងលើត្រូវបានគេយល់ថាជាលទ្ធផលនៃការប៉ះទង្គិចជាមួយនឹងអាចម៍ផ្កាយបុរាណមួយ ប៉ុន្តែ ទិន្នន័យថ្មីបង្ហាញថា ជ្រលងភ្នំដែលពេញដោយធូលីនេះកំពុងតែរីកមាឌធំឡើងៗ។
អ្នកវិទ្យាសាស្ត្របកស្រាយថា ព្រះចន្ទរបស់មនុស្ស វិលជុំវិញផែនដីប្រកបដោយស្ថិរភាព។ ចំណែកព្រះចន្ទ Phobos វិញ ចេះតែខិតចូលជិតភពអង្គារ។ បើទោះជា Phobos ចាកផុតពីការដែលត្រូវហែកកម្ទេចនៅលើអាកាស ប៉ុន្តែ មុន និងក្រោយ វាក៏នឹងត្រូវបានភពអង្គារអូសទម្លាក់មកក្រោមមិនខាន។ ព្រឹត្តិការណ៍ប៉ះទង្គិចដែលមានកម្លាំងដ៏មហាសាលនេះនឹងកើតឡើងប្រហែល 40 លានឆ្នាំខាងមុខ៕