អាជ្ញាធរប៉ូឡូញ បញ្ជូនយន្តហោះចម្បាំង F-16 អមដំណើរយន្តហោះដឹកក្រុមបាល់ទាត់ប្រទេសនេះចេញផុតពីដែនអាកាសដើម្បីទៅចូលរួម World Cup 2022 នៅ ប្រទេសកាតា។
គណនី Twitter របស់ក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញ កាលពីថ្ងៃទី 17 វិច្ឆិកា បានបង្ហោះវីដេអូបង្ហាញថា យន្តហោះចម្បាំង F-16 ចំនួន 2 គ្រឿង ហោះក្បែរយន្តហោះស៊ីវិល អមជាមួយនឹងឃ្លាដែលសរសេរថា «សាធារណរដ្ឋប៉ូឡូញ»។
«យើងត្រូវបានអមដំណើរដោយយន្តហោះចម្បាំង F-16 ទៅកាន់ព្រំដែនភាគខាងត្បូងប្រទេសប៉ូឡូញ! សូមអរគុណ និងផ្ញើការគោរពជំរាបសួរដល់ក្រុមអ្នកបើកបរ» សាររបស់ក្រុមបាល់ទាត់សរសេរដូច្នេះ។
រូបថតនានាដែលក្រុមជម្រើសជាតិប៉ូឡូញ បានបង្ហោះ បង្ហាញថា អ្នកបើកបរ F-16 ម្នាក់បង្ហាញបដាដែលមានឈ្មោះរបស់ក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញ នៅក្នុងកាប៊ីនយន្តហោះ។ «នៅពេលអ្នកជាអ្នកបើកបរយន្តហោះ ប៉ុន្តែក៏ជាអ្នកគាំទ្រក្រុមជម្រើសជាតិប៉ូឡូញ» នៅលើរូបថតមានសរសេរដូច្នេះ។
សារព័ត៌មានប៉ូឡូញ ឱ្យដឹងថា យន្តហោះចម្បាំងទាំងនេះអមដំណើរក្រុមបាល់ទាត់រហូតដល់យន្តហោះស៊ីវិលនេះ ហោះចេញផុតពីដែនអាកាសប៉ូឡូញ។ ក្រុមជម្រើសជាតិនេះ ក្រោយមកបានទៅដល់ រដ្ឋធានីដូហា របស់ កាតា ដោយសុវត្ថិភាព។
ឥរិយាបថនេះ ធ្វើឡើងបន្ទាប់ពីមានករណីធ្លាក់មីស៊ីលលើភូមិមួយនៅក្បែរព្រំដែនជាមួយ អ៊ុយក្រែន កាលពីថ្ងៃទី 15 វិច្ឆិកា បណ្ដាលឱ្យមនុស្ស 2 នាក់បាត់បង់ជីវិត៕