ក្រុមអ្នកស្រាវជ្រាវព្យាករថា ចំនួនប្រជាជនពិភពលោកនឹងកើនដល់ 10.4 ពាន់លាននាក់នៅក្នុងទសវត្សរ៍ឆ្នាំ 2080 ប៉ុន្តែ មិនអាចដឹងច្បាស់ថា ប្រជាជនប៉ុន្មានពាន់លាននាក់ដែលផែនដីអាចទ្រទ្រង់បាន។
កាលពីប្រហែល 300,000 ឆ្នាំមុន មនុស្ស Homo sapiens ចាប់ផ្ដើមបង្ហាញវត្តមាន ជាមួយនឹងចំនួនដ៏តិចតួចគឺប្រហែលពី 100 ទៅ 10,000 នាក់។ Joel E. Cohen ប្រធានផ្នែកពិសោធន៍អំពីចំនួនប្រជាជននៅ សាកលវិទ្យាល័យ Rockefeller និងសាកលវិទ្យាល័យ Columbia នៅ New York បានឱ្យដឹងថា ដោយសារតែចាប់ផ្ដើមជាមួយនឹងចំនួនដ៏តិចតួច មនុស្សត្រូវចំណាយពេលប្រហែល 35,000 ឆ្នាំដើម្បីកើនឡើងទ្វេដង។
ក្រោយពីវិស័យកសិកម្មត្រូវបានបង្កើតឡើងកាលពី 15,000 ទៅ 10,000 ឆ្នាំមុន មានមនុស្សប្រហែលពី 1 លានទៅ 10 នាក់នៅលើផែនដី។ ក្រោយមក ចំនួនប្រជាជនត្រូវការពេល 1,500 ឆ្នាំដើម្បីកើនឡើងទ្វេដង។ មកដល់សតវត្សរ៍ទី 16 ពេលវេលាដែលត្រូវការសម្រាប់ឱ្យចំនួនប្រជាជនកើនឡើងទ្វេដងគឺ 300 ឆ្នាំ។ ចូលដល់សតវត្សរ៍ទី 19 តួលេខនេះបានចុះមកនៅត្រឹម 130 ឆ្នាំ។ ចាប់ពីឆ្នាំ 1930 ដល់ 1974 ចំនួនប្រជាជនលើផែនដីបានកើនឡើងទ្វេដងនៅក្នុងរយៈពេលតែ 44 ឆ្នាំ។ ប៉ុន្តែ សួរថា តើចំនួនប្រជាជនអាចបន្តកើនឡើងក្នុងល្បឿននេះ ហើយថា តើផែនដីអាចទ្រទ្រង់មនុស្សបានប៉ុន្មាននាក់?
ឆ្នាំ 1679 Antoni van Leeuwenhoek អ្នកវិទ្យាសាស្ត្រ និងជាអ្នករកឃើញវិធីបង្កើតតេឡេស្កុប បានព្យាករថា ផែនដីអាចទ្រទ្រង់មនុស្សបាន 13.4 ពាន់លាននាក់។ គាត់បានគណនាឃើញថា ហូឡង់ កាន់កាប់ដីស្មើនឹង1/13,400 នៃផ្ទៃដីដែលអាចទ្រទ្រង់ជីវិតមនុស្សបានរបស់ផែនដី ហើយគុណចំនួនប្រជាជន 1 លាននាក់របស់ ហូឡង់ កាលពីសម័យនោះ ជាមួយនឹង 13,400។ ក្នុង 40 ឆ្នាំនៃការស្រាវជ្រាវ លោក Cohen ប្រមូលបានការសន្និដ្ឋានចំនួន 65 ដែលព្យាករថា ផែនដីអាចទ្រទ្រង់មនុស្សបានចាប់ពី 1 ពាន់លាននាក់ ដល់ 1 ទ្រីលាននាក់។ លោក Cohen ឱ្យដឹងថា ក្នុងបរិស្ថាននៃការរស់នៅ ចំនួនប្រជាជននឹងមានស្ថិរភាពបើសិនអត្រានៃការស្លាប់ស្មើនឹងអត្រានៃការចាប់កំណើត។
ក៏ប៉ុន្តែ ការប្រែប្រួលក្នុងបរិស្ថានដូចជាភាពកខ្វក់ ឬជំងឺរាតត្បាតជាដើម អាចធ្វើឱ្យសមត្ថភាពនៃការទ្រទ្រង់ជីវិតរបស់ផែនដីកើនឡើង ឬថយចុះ។ លោក Cohen បកស្រាយថា លទ្ធភាពនៃការទ្រទ្រង់នេះអាស្រ័យទៅ លើសម្ពាធធម្មជាតិ និងជម្រើសរបស់មនុស្ស។ សម្ពាធធម្មជាតិរួមមាន ការខ្វះខាតស្បៀងអាហារ និងបរិស្ថានមិនល្អ។ ចំណែកជម្រើសរបស់មនុស្សរួមមាន ការធ្វើអន្តរកម្មរវាងបណ្ដាខឿនសេដ្ឋកិច្ច កសិកម្ម វិធីដែលមនុស្សផលិត និងប្រើប្រាស់ទំនិញ អត្រានៃការចាប់កំណើត អាយុមធ្យម និងកាតាចំណាកស្រុក។
កំណើនប្រជាជនរបស់ពិភពលោកបានឡើងដល់កំពូលកាលពីទសវត្សរ៍ឆ្នាំ 1960 និងថយចុះចាប់ពីពេលនោះ។ ឆ្នាំ 1950 អត្រានៃការចាប់កំណើតជាមធ្យមគឺ 5.05 ទារក/ស្ត្រីម្នាក់ នេះបើតាមអង្គការសហប្រជាជាតិ។ ឆ្នាំ 2020 អត្រានេះថយចុះមកនៅ 2.44 ទារក/ស្ត្រីម្នាក់។ យោងតាម Gerland បច្ចុប្បន្នសហគមន៍អ្នកស្រាវជ្រាវឯកភាពគ្នាថា កំណើនប្រជាជនទូទាំងពិភពលោកនឹងឡើងដល់ចំណុចកំពូលបន្តទៀតនៅចុងសតវត្សរ៍នេះ។ តាមការព្យាករ ចំនួនប្រជាជននឹងឡើងដល់ 10.4 ពាន់លាននាក់នៅក្នុងទសវត្សរ៍ឆ្នាំ 2080 និងរក្សាកម្រិតនេះរហូតដល់ឆ្នាំ 2100។
ចំនួនមនុស្សដែលពិភពផែនដីអាចទ្រទ្រង់បាន មិនមែនជាតួលេខស្ថិរភាព។ វិធីដែលមនុស្សផលិត និងប្រើប្រាស់ធនធានធម្មជាតិប៉ះពាល់ដល់លទ្ធភាពរក្សាចំនួនប្រជាជនរបស់បរិស្ថាននាពេលអនាគត។ និយាយរួម អាចមានដែនកំណត់ស្ដីពីចំនួនប្រជាជនដែលផែនដីអាចទ្រទ្រង់បាន ប៉ុន្តែយើងមិនដឹងច្បាស់អំពីតួលេខពិតប្រាកដ៕