ក្បាលរថយន្តដឹកកុងតឺន័រធ្លាក់ទៅលើផ្លូវ បន្ទាប់ពីបុករថយន្តដឹកផ្លែឪឡឹក បណ្ដាលឱ្យផ្លូវល្បឿនលឿនព្រៃនគរ-ទ្រុងលឿង នៅ វៀតណាម ត្រូវកកស្ទះជិត 10 គីឡូម៉ែត្រ នាព្រឹកថ្ងៃទី 18 វិច្ឆិកានេះ។
នៅវេលាប្រហែលម៉ោង 3 ទៀបភ្លឺថ្ងៃនេះ រថយន្តដឹកផ្លែឪឡឹកនៅលើផ្លូវល្បឿលឿនហូជីមិញ-ទ្រុងលឿង (HCM-Trung Luong) ដែលកំពុងឆ្ពោះទៅកាន់ភាគខាងលិច បានផ្ទុះកង់ ត្រូវឈប់លើដងផ្លូវ។ រថយន្តដឹកកុងតឺន័រដែលបរពីក្រោយមិនអាចគេចផុត ក៏បុកពេញមួយទំហឹង។
ការប៉ះទង្គិចនេះបណ្ដាលឱ្យក្បាលរថយន្តកុងតឺន័រខ្ទាតទៅលើផ្លូវសម្រាប់ឈប់បន្ទាន់ ធ្វើឱ្យអ្នកបើកបរត្រូវរបួស និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់។ ចំណែករថយន្តដឹកផ្លែឪឡឹកក៏ខ្ទាតទៅលើបន្ទាត់ខណ្ឌចែកផ្លូវ ផ្លែឪឡឹករាប់ពាន់ផ្លែធ្លាក់ពេញដី ធ្វើឱ្យចរាចរណ៍លើផ្លូវល្បឿនលឿននេះត្រូវកកស្ទះប្រវែងប្រហែល 10 គីឡូម៉ែត្រ។
ផ្លូវល្បឿនលឿនហូជីមិញ-ទ្រុងលឿង ដែលមានប្រវែង 62 គីឡូម៉ែត្រ និងមាន 4 គន្លងនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ 2010។ នេះគឺជាផ្លូវល្បឿនលឿនដំបូងនៅភាគខាងត្បូង (កម្ពុជាក្រោម) របស់ វៀតណាម ដែលភ្ជាប់ពីទីក្រុងព្រៃនគរ (ហូជីមិញ) ទៅនឹងខេត្តឡុងអាន (Long An) និង មេ ស (Tien Giang)។ ផ្លូវនេះអនុញ្ញាតឱ្យបើកបរល្បឿនអតិបរមា 100 គីឡូម៉ែត្រ/ម៉ោង៕