តុលាការហូឡង់ ប្រកាសថា មីស៊ីលដែលបានបាញ់ទម្លាក់យន្តហោះ MH17 គឺជាផលិតផលរបស់ រុស្ស៊ី ហើយ មូស្គូ ជាអ្នកគ្រប់គ្រងកងកម្លាំងផ្ដាច់ខ្លួននៅភាគខាងកើតរបស់ ប្រទេសអ៊ុយក្រែន នៅពេលករណីធ្លាក់យន្តហោះកើតឡើង។
នៅក្នុងការវិនិច្ឆ័យដែលត្រូវបានប្រកាសនៅឯតំបន់យុត្តិធម៌ក្នុងទីរួមស្រុក Badhoevedorp ខេត្ត Noord-Holland កាលពីម្សិលមិញ ប្រធានតុលាការ Hendrik Steenhuis ថ្លែងថា ជើងហោះហើរ MH17 របស់ Malaysia Airlines ត្រូវបានបាញ់ទម្លាក់កាលពីឆ្នាំ 2014 ដោយមីស៊ីលដែលផលិតនៅ ប្រទេសរុស្ស៊ី។ មីស៊ីលនេះបានហោះចេញពីវាលស្រែនៅភាគខាងកើតនៃ ប្រទេសអ៊ុយក្រែន ហើយ រុស្ស៊ី ជាអ្នកគ្រប់គ្រងទាំងស្រុងលើកងកម្លាំងផ្ដាច់ខ្លួននៅតំបន់នេះក្នុងគ្រាដែលហេតុការណ៍បានកើតឡើង។
ប្រធានតុលាការ Steenhis បញ្ជាក់ថា «ចាប់ពីពាក់កណ្ដាលខែឧសភា 2014 រុស្ស៊ី គ្រប់គ្រងទាំងស្រុងលើ ក្រុមដែលហៅខ្លួនឯងថា សាធារណរដ្ឋប្រជាមានិត Donetsk»។
ការសម្រេចរបស់តុលាការខាងលើត្រូវបានលើកឡើងក្នុងសវនាការកាត់ទោសកំបាំងមុខចំពោះជនសង្ស័យ 4 នាក់ដែលត្រូវបានចោទប្រកាន់ពីបទទាក់ទិននឹងករណីយន្តហោះត្រូវបានគេបាញ់ទម្លាក់ បណ្ដាលឱ្យអ្នកដំណើរ និងក្រុមហោះហើរទាំង 298 នាក់បាត់បង់ជីវិត។
ក្នុងគ្រាកើតហេតុកាលណោះ តំបន់ដែលយន្តហោះជួបគ្រោះថ្នាក់គឺជាសមរភូមិប្រយុទ្ធរវាងកងទ័ពដែលគាំទ្រដោយ រុស្ស៊ី និងកងទ័ពរបស់ អ៊ុយក្រែន ដែលជាដើមហេតុនៃសង្គ្រាមនៅ អ៊ុយក្រែន នាបច្ចុប្បន្ន។
តំណាងជនរងគ្រោះបានឱ្យដឹងថា ការសម្រេចរបស់តុលាការនឹងជាជំហ៊ានដ៏សំខាន់ បើទោះជនសង្ស័យដែលសុទ្ធតែត្រូវប្រឈមនឹងទោសជាប់ពន្ធនាគារមួយជីវិត កំពុង «លាក់ខ្លួន» ក៏ដោយ។ ជនសង្ស័យទាំងអស់ត្រូវបានគេជឿថា កំពុងស្ថិតនៅក្នុង ប្រទេសរុស្ស៊ី។
រុស្ស៊ី បានច្រានចោលរាល់ការចោទប្រកាន់ ឬការទទួលខុសត្រូវចំពោះករណីយន្តហោះ MH17 ត្រូវបានគេបាញ់ទម្លាក់។ កាលពីឆ្នាំ 2014 រុស្ស៊ី បានបដិសេធថា កងទ័ពរុស្ស៊ី មិនមានវត្តមាននៅ អ៊ុយក្រែន៕