ណាសា (NASA) ប្រកាសរូបថតថ្មីមួយសន្លឹកដ៏ស្រស់ស្អាត ស្ដីពីក្រុមកាឡាក់ស៊ី Arp 248 ដែលស្ថិតក្នុងតារានិករ (កញ្ចុំផ្កាយ) Virgo ចម្ងាយរាប់រយលានឆ្នាំពន្លឺពីផែនដី។
រូបនេះត្រូវបានថតដោយកាមេរ៉ាទំនើបរបស់កែវយឺតអវកាស Hubble ជាផ្នែកមួយនៃគម្រោងសង្កេតបណ្ដុំកាឡាក់ស៊ីមិនធម្មតា ដែលដឹកនាំដោយតារាវិទូ Halton Arp និង Barry Madore។
បណ្ដុំកាឡាក់ស៊ីមានផ្ទុក កាឡាក់ស៊ីមួយចំនួន ខ្លះមានរាងគូទខ្យងដែលមានដៃចំនួនមួយ ឬច្រើន ឬបណ្ដុំនៃការឡាក់ស៊ីដែលប្រទាក់ក្រឡាគ្នា។ ប្រព័ន្ធ Arp 248 គឺជាឧទាហរណ៍សម្រាប់បណ្ដុំកាឡាក់ស៊ីបែបនេះ។
ប្រព័ន្ធ Arp 248 នេះស្ថិតក្នុងកញ្ចុំផ្កាយ Virgo ដែលមានចម្ងាយប្រហែល 200 ឆ្នាំពន្លឺពីផែនដី។ រូបថតថ្មីនេះបង្ហាញថា ក្នុងចំណោមកាឡាក់ស៊ីចំនួនបី មានកាឡាក់ស៊ីពីរដែលហាក់ត្រូវបានតភ្ជាប់ជាមួយគ្នាដោយ «ស្ពានពន្លឺ» មួយ ដែលគេហៅថា tidal tail (កន្ទុយទឹកជោរនាច)។ កន្ទុយ ឬស្ពានធូលី និងផ្កាយដែលអូសបន្លាយយ៉ាងវែងនេះកើតឡើងនៅពេលកាឡាក់ស៊ីពីរគោចរក្បែរគ្នា និងស្រូបទាញគ្នាដោយកម្លាំងមហាសាល ដែលដូចទៅនឹងល្បែងទាញព្រ័ត្រ។
ចំណែកកាឡាក់ស៊ីរាងគូទខ្យងទីបីដែលស្ថិតនៅខាងក្រោយ មិនជាប់ទាក់ទងនឹងការតភ្ជាប់របស់កាឡាក់ស៊ីទាំងពីរខាងលើនេះដោយផ្ទាល់ឡើយ ហើយវាស្ថិតនៅក្នុងរយៈចម្ងាយប្រហែលជាង 10 លានឆ្នាំពន្លឺ នេះបើតាម AstroBin៕