រាជរដ្ឋាភិបាលថៃ ថ្ងៃទី 15 វិច្ឆិកា បានអនុម័តសំណើរបស់ក្រសួងសុខាភិបាលប្រទេសនេះស្ដីពីការផ្ដល់ទិដ្ឋាការដោយឡែកសម្រាប់ជនបរទេសដែលមកព្យាបាលជំងឺ ក្នុងបំណងជំរុញឱ្យ ប្រទេសនេះក្លាយជាមជ្ឈមណ្ឌលសុខាភិបាលរបស់តំបន់។
អ្នកនាំពាក្យរងរបស់ រាជរដ្ឋាភិបាលថៃ Tipanan Sirichana បានឱ្យដឹងថា ទិដ្ឋាការប្រភេទនេះនឹងត្រូវបានផ្ដល់ជូនចាប់ពីថ្ងៃទី 01 មករា 2023 នៅពេលស្ថាប័នពាក់ព័ន្ធទាំងឡាយបានបញ្ចប់កិច្ចការត្រៀមសម្រាប់ការអនុវត្តគោលនយោបាយថ្មីនេះ។
យោងតាមសំណើរបស់ ក្រសួងសុខាភិបាលថៃ ទិដ្ឋាការថ្មីនេះអនុញ្ញាតឱ្យជនបរទេសចូលទឹកដីថៃច្រើនដង និងមានសុពលភាពក្នុងរង្វង់មួយឆ្នាំ។ អ្នកទទួលបានទិដ្ឋាការអាចស្នាក់នៅក្នុងប្រទេសថៃ ក្នុងរយៈពេល 90 ថ្ងៃ។ សមាជិកគ្រួសារ 3 នាក់របស់អ្នកជំងឺក៏អាចទទួលបានទិដ្ឋាការអម។ តម្លៃសម្រាប់ទិដ្ឋាការប្រភេទនេះគឺ 5,000 បាត/ម្នាក់ (140 ដុល្លារអាម៉េរិក/ម្នាក់)។
ក្រៅពីនេះ ទិដ្ឋាការថ្មីនេះក៏តម្រូវឱ្យអ្នកជំងឺរាយការណ៍ដល់មន្ត្រីនៅស្ថាប័នអន្តោប្រវេសន៍ក្រោយរយៈពេល 90 ថ្ងៃ បើសិននៅត្រូវការពេលដើម្បីបន្តការព្យាបាល ហើយអ្នកសុំទិដ្ឋាការនេះក៏ត្រូវមានប្រាក់យ៉ាងតិច 800,000 បាត (22,500 ដុល្លារអាម៉េរិក) ដើម្បីចាយវាយក្នុងពេលស្នាក់នៅប្រទេសនេះ ព្រមទាំងត្រូវមានធានារ៉ាប់រងលើការព្យាបាលកូវីដ-19 ឬគ្រោះថ្នាក់ ដែលមានតម្លៃយ៉ាងតិច 3 លានបាត (100,000 ដុល្លារអាម៉េរិក)។
អ្នកសុំទិដ្ឋាការនេះក៏ត្រូវតែជាអ្នកមានជំងឺដែលបណ្ដាមន្ទីរពេទ្យនៅ ប្រទេសថៃ អាចព្យាបាលបាន និងត្រូវការពេលច្រើនជាង 90 ថ្ងៃក្នុងការព្យាបាលសម្រាប់ជំងឺមួយចំនួន មានដូចជា ជំងឺសរសៃឈាមបេះដូង មហារីក ជំងឺមាត់ធ្មេញ វះកាត់កែសម្ផស្សជាដើម៕