Skip to content

លោក ដូ​ណា​ល ត្រាំ ប្រកាស​ឈរឈ្មោះ «ដណ្ដើម​កៅអី» ប្រធានាធិបតី​អាម៉េរិក ជាថ្មី

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក លោក ដូ​ណា​ល ត្រាំ (Donald Trump) បានប្រកាស​ចូលរួម​កា​រ​ប្រកួតប្រជែង​ដណ្ដើម​កៅអី​ប្រធានាធិបតី​នៅ​ឆ្នាំ 2024 បន្ទាប់ពី​បានដាក់​ឯកសារ​ឡើងទៅ​កាន់​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​របស់ សហរដ្ឋ​អាម៉េរិក។

«ការវិល​ត្រលប់​របស់ ប្រទេស​អាម៉េរិក ចាប់ផ្ដើម​ពី​ពេលនេះ» អតីត​ប្រធានាធិបតី វ័យ 76 ឆ្នាំ ថ្លែង​នៅ​ចំពោះមុខ​អ្នកគាំទ្រ​នៅ វិមាន Mar-a-Lago រដ្ឋ Florida កាលពី​ព្រលប់​ថ្ងៃទី 15 វិច្ឆិកា។ «ដើម្បី​ធ្វើឱ្យ ប្រទេស​អាម៉េរិក មហាអស្ចារ្យ និង​រុងរឿង​មកវិញ ព្រលប់​នេះ​ខ្ញុំ​សូម​ប្រកាសថា ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​អាម៉េរិក»។

ក្រោយ​ការប្រកាស​របស់លោក ត្រាំ អ្នកគាំទ្រ​ក៏បាន​ស្រែក​ហ៊ោ និង​ទះដៃ​យ៉ាងយូរ។ នៅក្នុង​សេចក្ដីថ្លែងការណ៍ លោក ត្រាំ ក៏បាន​សន្យាថា នឹង​បង្រួបបង្រួម​ជាតិ។ «យើង​នឹង​នាំ​គ្រប់គ្នា​ឱ្យ​ខិតចូល​ជិតគ្នា» លោក ត្រាំ អះអាង​ដូច្នេះ។

លោក ត្រាំ បញ្ជាក់ថា «ខ្ញុំ​ធានាថា លោក បៃ​ដិ​ន នឹងមិន​អាចមាន​អាណត្តិ​ទី​ពីរ។ ប្រទេសជាតិ​យើង​មិន​ទទួលយក​ប្រការ​នោះ»។

ឆ្លើយតប​នឹង​ការប្រកាស​ឈរឈ្មោះ​បោះឆ្នោត​ជាថ្មី​របស់លោក ត្រាំ ប្រ​ធា​នាធ​បិ​តី​អាម៉េរិក លោក បៃ​ដិ​ន យល់ថា អតីត​ប្រធានាធិបតី «បានធ្វើឱ្យ ប្រទេស​អាម៉េរិក បរាជ័យ» គ្រា​ដែល​នៅ​កាន់អំណាច។ បច្ចុប្បន្ន លោក បៃ​ដិ​ន ស្ថិត​នៅឯ​កោះ Bali ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ដំណើរ​ចូលរួម​កិច្ចប្រជុំ​កំពូល G20។

បក្ស​ប្រជាធិបតេយ្យ បាន​វាយតម្លៃ​ទាប​ចំពោះ​ការប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នៅ​ឆ្នាំ 2024 របស់ បក្ស​សាធារណៈ ហើយ​យល់ថា លោក ត្រាំ មិនមែនជា​ដៃគូ​ប្រជែង​ដែល​គួរឱ្យ​ញញើត។

Leave a Reply

Your email address will not be published. Required fields are marked *