Skip to content

អាចារ្យ​ម្នាក់​ត្រូវ​ដកហូត​ងារ ព្រោះតែ «បន់» ឱ្យ ប្រធានាធិបតី​កូរ៉េខាងត្បូង ជួប​គ្រោះថ្នាក់​យន្តហោះ

អាចារ្យ​នៅ​វិហារ​អង់​គ្លី​កង់​កូរ៉េខាងត្បូង ត្រូវបាន​រិះគន់ និង​ដកហូត​ងារ បន្ទាប់ពី​បាន​បួងសួង​ជា​សាធារណៈ​ឱ្យ​យន្តហោះ​ដឹក ប្រធានាធិបតី Yoon ជួប​គ្រោះថ្នាក់។

ប្រធានាធិបតី Yoon Suk-yeol និង​ភរិយា កាលពី​ថ្ងៃទី 11 វិច្ឆិកា បានធ្វើ​ដំណើរ​មកកាន់ អាស៊ីអាគ្នេយ៍ ដើម្បី​ចូលរួម​កិច្ចប្រជុំ​អាស៊ាន និង G20។ លោក Yoon គ្រោង​នឹង​ត្រលប់​ទៅវិញ​នៅ​ថ្ងៃទី 16 វិច្ឆិកា​ខាងមុខ។

អាចារ្យ Kim Gyu-dong បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ថា គាត់​ចង់ឱ្យ​យន្តហោះ​ដឹក​ប្រធានាធិបតី​ជួប​គ្រោះថ្នាក់ និង​សង្ឃឹមថា ប្រជាជន​កូរ៉េខាងត្បូង ទាំងអស់ បួងសួង​បែបនេះ។

លោក Kim Gyu-dong បាន​លុប​សារ​របស់គាត់​បន្ទាប់ពី​រង​ការរិះគន់។ គាត់​បាន​បកស្រាយ​ថា ខ្លឹមសារ​នេះ​គ្រាន់តែ​ជាការ​កត់ត្រា​ផ្ទាល់ខ្លួន ប៉ុន្តែ​ត្រូវបាន​បែកធ្លាយ​ជា​សាធារណៈ​ដោយ​អ​ចេតនា។

ក្រុមប្រឹក្សា​ព្រះវិហារ​អង់​គ្លី​កង់ នៃ​តំបន់ Daejeon របស់ កូរ៉េខាងត្បូង កាលពី​ថ្ងៃទី 14 វិច្ឆិកា បានប្រកាស​ដកហូត​តំណែង​អាចារ្យ​របស់លោក Kim Gyu-dong រួចហើយ ក្រោយពី​មានការ​រិះគន់​ចំពោះ​ទង្វើ​ខាងលើ។

មន្ត្រី​ខាង​សាសនា​មួយរូប​ថ្លែងថា សារ​របស់លោក Kim គឺជា​រឿង​មិនអាច​ទទួលយកបាន​ក្នុងនាម​គាត់​ជា​អាចារ្យ​ម្នាក់។

មុន​នោះ អាចារ្យ​មួយរូប​របស់​វិហារ​រ៉ូ​ម៉ាំ​កាតូលិក​នៅ​តំបន់ Daejeon ក៏បាន​ធ្វើឱ្យមាន​ការរិះគន់​ដោយសារតែ​ការ​បង្ហោះ​សារ​ដែលមាន​ខ្លឹមសារ​ប្រហាក់ប្រហែល​នេះ។ អាចារ្យ​រូបនេះ ក្រោយមក​ក៏បាន​បិទ​គណនី​បណ្ដាញ​សង្គម និង​ឱ្យដឹងថា គាត់​គ្រាន់តែ​សម្ដែង​អំពី​ការខកចិត្ត​របស់​សាធារណជន​ប៉ុណ្ណោះ និង​មាន​អារម្មណ៍​ថា​ខ្មាសអៀន​នៅពេល​សារ​នេះ​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន។

ថ្មីៗនេះ ពលរដ្ឋ​កូរ៉េខាងជើង នាំគ្នា​សម្ដែង​ការមិន​ពេញចិត្ត​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល ក្រោយពី​កើតមាន​ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា​ស្លាប់ 158 នាក់​នៅ Itaewon។ ប្រធានាធិបតី Yoon បាន​សុំទោស​ចំពោះ​ប្រជាជន និង​បាន​សន្យាថា កែទម្រង់​វិធានការ​ទប់ស្កាត់​ហានិភ័យ និង​គ្រោះថ្នាក់​ឱ្យបាន​សមស្រប៕

Leave a Reply

Your email address will not be published. Required fields are marked *