Skip to content

មនុស្ស​ទី 8 ពាន់​លាន​របស់​ពិភព​លោក បានចាប់កំណើត​នៅ អាស៊ីអាគ្នេយ៍

ទារិកា​ម្នាក់​បានចាប់កំណើត​នៅវេលា​ម៉ោង 1 និង 29 នាទី ថ្ងៃទី 15 វិច្ឆិកា 2022 នៅ រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វ៊ី​លី​ពី​ន ត្រូវបាន​ទទួលស្គាល់ថា ជា​មនុស្ស​ទី 8 ពាន់​លាន​របស់​ពិភពលោក។

«នេះ​គឺជា​ការចាប់​កំណើត​តាម​ធម្មតា» វេជ្ជបណ្ឌិត Romeo Bituin ប្រធាន​ផ្នែក​សុខាភិបាល​របស់​មន្ទីរ​ពេទ្យ Jose Fabella ជាទី​ដែល​ទារិកា​ខាងលើ​បានចាប់កំណើត បាន​ប្រាប់​ដូច្នេះ នេះ​បើតាម Manila Bulletin។

ប្រធាន​រដ្ឋបាល​របស់ គណៈកម្មាធិការ​ប្រជាជន និង​អភិវឌ្ឍ​ហ្វ៊ី​លី​ពី​ន (POPCOM) នៃ​វិទ្យាស្ថាន​ស្ថិតិ​ហ្វ៊ី​លី​ពីង (PSA) លោកស្រី Lyneth Therese Monsalve សង្ឃឹមថា ទារិកា Venice ដែលជា​មនុស្ស​ទី 8 ពាន់​លាន​របស់​ពិភពលោក នឹង​ក្លាយ «ជា​និមិត្តរូប​នៃ​ភាពរុងរឿង​ក្នុងពេល​អនាគត»។

ម្ដាយ​របស់​ Venice អ្នក​ស្រី Maria Margarette Villorente សប្បាយ​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​កូន​ស្រី​របស់​គាត់​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​មនុស្ស​ទី 8 ពាន់​លាន​របស់​ពិភពលោក​។ «នេះ​គឺជា​​ភ័ព្វ​សំណាង​ចំពោះ​គ្រួសារ​» អ្នក​ស្រី Maria ថ្លែង​ដូច្នេះ​។

ព្រឹក​ថ្ងៃ​ដដែល​នេះ មូលនិធិ​ប្រជាជន​នៃ​អង្គការសហប្រជាជាតិ (UNFPA) ក៏បាន​កត់ត្រា​អំពី​ចំនួន​ប្រជាជន​ដែល​បាន​កើន​ដល់ 8 ពាន់​លាន​នាក់ និង​ព្យាករ​ថា អាច​ឡើងដល់ 9 ពាន់​លាន​នាក់​នៅ​ឆ្នាំ 2037។

យោងតាម UNFPA ការកើនឡើង​យ៉ាង​លឿន​នៃ​ចំនួន​ប្រជាជន​របស់​ពិភពលោក​នេះ​គឺ​ព្រោះតែ​អាយុ​របស់​មនុ​ស្សវែង​ជាង​មុន ដោយសារ​ការរីកចម្រើន​ផ្នែក​សុខុមាលភាព​ក្នុង​សហគមន៍ របប​អាហារ អនាម័យ​ផ្ទាល់ខ្លួន និង​ឱសថ។ នេះ​ក៏​ជា​លទ្ធផល​នៃ​ការចាប់​កំណើត​ដែលមាន​កម្រិត​ខ្ពស់ និង​ស្ថិរភាព​នៅក្នុង​ប្រទេស​ជាច្រើន​របស់​ពិភពលោក៕

Leave a Reply

Your email address will not be published. Required fields are marked *