Skip to content

ម្ចាស់ Amazon ប្រកាសថា បរិច្ចាគ​ទ្រព្យសម្បត្តិ​មួយ​ភាគ​ធំ​សម្រាប់​កិច្ចការ​មនុស្សធម៌

មហាសេដ្ឋី ជេ​ហ្វ បេ​ហ្សូ​ស (Jeff Bezos) និយាយថា នឹង​បរិច្ចាគ​មួយ​ភាគ​ធំ​នៃ​ទ្រព្យសម្បត្តិ​តម្លៃ 124 ពាន់​លាន​ដុល្លារ​អាម៉េរិក​របស់គាត់ ដើម្បី​ជួយ​ដល់​កិច្ចការ​ទប់ទល់​នឹង​បម្រែបម្រួល​អាកាសធាតុ និង​គាំទ្រ​ដល់​ក្រុមមនុស្ស​ដែល «អាចបង្កើត​សាមគ្គីភាព​នៃ​មនុស្សជាតិ»។

នៅក្នុង​កិច្ច​សម្ភាស​របស់ CNN នៅឯ​គេហដ្ឋាន​ផ្ទាល់ខ្លួន​នៅ វ៉ា​ស៊ី​ង​តោន កាលពី​ថ្ងៃទី 13 វិច្ឆិកា មហាសេដ្ឋី ជេ​ហ្វ បេ​ហ្សូ​ស ឆ្លើយថា «មាន» បន្ទាប់ពី​ត្រូវបាន​សួរថា «មានបំណង​បរិច្ចាគ​ទ្រព្យ​មួយ​ភាគ​ធំ​ដែរ ឬទេ»។

នេះ​គឹជា​លើកដំបូង​ដែល​លោក ជេ​ហ្វ បេ​ហ្សូ​ស ប្រកាស​អំពី​ការបរិច្ចាគ​ទ្រព្យ​មួយ​ភាគ​ធំ​របស់គាត់។ មនុស្ស​ជាច្រើន​ធ្លាប់បាន​រិះគន់ថា លោក ជេ​ហ្វ បេ​ហ្សូ​ស មិន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​បរិច្ចាគ ជា​កិច្ចព្រមព្រៀង​ដែលមាន​កំពូល​អ្នកមាន​រាប់រយ​នាក់​ក្នុង​ពិភពលោក បាន​ចុះហត្ថលេខា​នាពេល​កន្លង។

មហាសេដ្ឋី ជេ​ហ្វ បេ​ហ្សូ​ស និង​ភរិយា ក៏បាន​ប្រកាស​អំពី​ខ្ទង់​ប្រាក់រង្វាន់​សម្រាប់​ភាពក្លាហាន​និង​អរិយធម៌ ចំនួន 100 លាន​ដុល្លារ​សម្រាប់​តន្ត្រីករ និង​ជា​អ្នកចម្រៀង​មួយរូប​ឈ្មោះ Dolly Parton។ នេះ​គឺជា​លើក​ទី​បី​ហើយ​ដែល​លោក បេ​ហ្សូ​ស បានផ្ដល់​រង្វាន់​នេះ ក្រោយពី​បានប្រគល់​រង្វាន់​តម្លៃ​ដូច​គ្នាន​ដល់​មេ​ចុងភៅ Jose Andres ដែលជា​អ្នក​បាន​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​សម្រាប់​ផ្ដល់​អាហារ​ដល់ ជនជាតិ​អ៊ុយ​ក្រែ​ន និង​រង្វាន់​សម្រាប់​សក​ម្ម​ជន​ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ Van Jones។ លោក បេ​ហ្សូ​ស និយាយថា អ្នក​ដែល​បានទទួល​រង្វាន់​គឺ​សុទ្ធតែជា​អ្នក​ដែលមាន​សមត្ថភាព​បង្កើត​សាមគ្គីភាព​ដើម្បី​ដោះស្រាយ​បញ្ហាធំ។

លោក បេ​ហ្សូ​ស ដែល​បច្ចុប្បន្ន​គឺជា​អ្នកមាន​ជាងគេ​លំដាប់​ទី 4 ក្នុង​ពិភពលោក (យោងតាម Bloomberg) មិនទាន់​បានកំណត់​គោលដៅ​បរិច្ចាគ​ប្រាក់​ប៉ុន្មាន​ក្នុង​ជីវិត​របស់គាត់​នៅឡើយ។ ប៉ុន្តែ គាត់​ធ្លាប់បាន​សន្យាថា នឹង​បរិច្ចាគ 10 ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង 8% នៃ​ទ្រព្យ​សរុប​នាបច្ចុប្បន្ន ក្នុង​រយៈពេល 10 ឆ្នាំ សម្រាប់​មូលនិធិ​ផែនដី​បេ​ហ្សូ​ស។

Leave a Reply

Your email address will not be published. Required fields are marked *