អង្គការសហប្រជាជាតិ អំពាវនាវ​ដល់ រុស្ស៊ី ឱ្យ​ផ្ដល់​សំណង​ដល់ អ៊ុយ​ក្រែ​ន

មហាសន្និបាត​អង្គការសហប្រជាជាតិ អនុម័ត​សេចក្ដីសម្រេច​ស្ដីពី​ការគាំទ្រ​យន្តការ​ស្នើឱ្យ រុស្ស៊ី ផ្ដល់​សំណង​លើ​ការខូចខាត​ដល់​មនុស្ស និង​ទ្រព្យ​​សម្បត្តិ​ទៅឱ្យ អ៊ុយ​ក្រែ​ន នៅក្នុង​សង្គ្រាម។

សេចក្ដីសម្រេច​ដែល​មិនមាន​លក្ខណៈ​ចាប់បង្ខំ​នេះ ត្រូវបាន​មហាសន្និបាត​អង្គការសហប្រជាជាតិ អនុម័ត បន្ទាប់ពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី 14 វិច្ឆិកា ដែល​ទទួលបាន​ការគាំទ្រ 94 សំឡេង, ប្រឆាំង 14 សំឡេង និង អនុបវាទ 63 សំឡេង។

រុស្ស៊ី ចិន គុយបា កូរ៉េខាងជើង និង អ៊ីរ៉ង់ ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​បោះឆ្នោត​ប្រឆាំង ខណៈដែល ឥណ្ឌា អ៊ីស្រាអែល និង ប្រេ​ស៊ី​ល ស្ថិតក្នុង​ចំណោម​ប្រទេស​បោះឆ្នោត​អនុបវាទ។

យោងតាម​សេចក្ដីសម្រេច រុស្ស៊ី «ត្រូវតែ​ទទួលផល​វិបាក​ផ្លូវច្បាប់​សម្រាប់​រាល់​សកម្ម​ភាពខុស​ច្បាប់​អន្តរជាតិ ក្នុងនោះ​ក៏មាន​ការបង់ប្រាក់​សំណង​សម្រាប់​រាល់​ការខូចខាត​ដែល​កើត​ដោយសារ​សកម្មភាព​ទាំងនេះ»។ សេចក្ដីសម្រេច​ខាងលើ​ក៏បាន​អំពាវនាវ​ឱ្យ​បង្កើត​ស្ថិតិ​ផ្លូវការ​មួយ​ស្ដីពី​ការខូចខាត​ដែល អ៊ុយ​ក្រែ​ន បាន​ទទួលរង​នៅក្នុង​សង្គ្រាម​ជាមួយ រុស្ស៊ី។

សេចក្ដីសម្រេច​កាលពី​ថ្ងៃ​ទី 14 វិច្ឆិកា អាចជួយ​ឱ្យ អ៊ុយ​ក្រែ​ន លើកឡើង​នូវ​ការទាមទារ​ចំពោះ​ទ្រព្យ​ដែលមាន​តម្លៃ​រាប់រយ​ពាន់​លាន​ដុល្លារ​របស់ រុស្ស៊ី ដែល សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធ​អឺរ៉ុប បាន​បង្កក បន្ទាប់ពី​សង្គ្រាម​បាន​ផ្ទុះឡើង។

ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន ប្រចាំ​អង្គការសហប្រជាជាតិ Sergiy Kyslytsya អះអាងថា ធ្លាប់មាន​ករណីបែបនេះ​រួចមកហើយ ដែល​កាលណោះ អ៊ីរ៉ាក់ ត្រូវ​សង​ការខូចខាត 52.4 ពាន់​លាន​ដុល្លារ​អាម៉េរិក ឱ្យ កូ​វ៉ែត ក្រោយពី​ការ​​​វាយ​ប្រហារ​កាលពី​ឆ្នាំ 1990។ សកម្មភាព​នេះ​ត្រូវបាន​តាមដាន​ដោយ ក្រុមប្រឹក្សា​សំណង​នៃ​អង្គការសហប្រជាជាតិ។

ចំណែក ឯកអគ្គរដ្ឋទូត​រុស្ស៊ី នៅ អង្គការសហប្រជាជាតិ Vassily Nebenzia បាន​ចោទ អ៊ុយ​ក្រែ​ន និង​ប្រទេស​លោកខាងលិច​ថា កំពុង​រក​វិធី​ដើម្បី «ការពារ​អំពើ​រឹបអូស​ទ្រព្យ​ដែល​បាន​បង្កក ក្នុង​គោល​ដៅ​​ប្រើប្រាស់​ដើម្បី​អូសបន្លាយ​ពេល និង​បង្កើន​សភាព​ធ្ងន់ធ្ងរ​ដល់​សង្គ្រាម»។

ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី 22 កញ្ញា បានឱ្យដឹងថា ការខូចខាត​ដែល​ប្រទេស​នេះ​ទទួលរង​គឺ​ឡើងដល់​ជិត 1 ទ្រី​លាន​ដុល្លារ​អាម៉េរិក (1,000,000,000,000.00) ច្រើនជាង 5 ដង ធៀប​នឹង GDP ប្រចាំឆ្នាំ​អំឡុង​ពេលមុន​សង្គ្រាមរ​បស់​ប្រទេស​នេះ៕

Leave a Comment